ប្រទេសស្វីស គាំទ្រការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់យុវជនកម្ពុជានៅខេត្តចំនួន៣

វិទ្យុជាតិកម្ពុជា៖អត្ថបទលោកជួនបូណា

ភ្នំពេញ៖ ៖ប្រធានក្រុមកម្មវិធីអភិវឌ្ឍន៍ជំនាញប្រទេសស្វីស នឹងជួយលើកកម្ពស់សមត្ថភាពដល់យុវជនដែលរៀនសូត្របានតិចតួចនៅខេត្តចំនួន៣ក្នុងប្រទេសកម្ពុជា តាមរយៈបន្តផ្តល់ការបណ្តុះបណ្តាលជំនាញ សំខាន់ៗទៅដល់ពួកគេអោយមានជីវភាពកាន់តែប្រសើរឡើង ។

ក្រោយបញ្ចប់ពីចុះអនុស្សរណៈ នៃការយោគយល់គ្នា រវាង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញរបស់ស្វីស (SDP) នាព្រឹកថ្ងៃទី២០ កញ្ញា នេះ លោក ម៉ៃ ឃើល ប្រធានក្រុមកម្មវិធីអភិវឌ្ឍន៍ជំនាញប្រទេសស្វីសបានមានប្រសាសន៍ថា នឹងផ្តល់ការបណ្ដុះបណ្ដាលជំនាញ ៦មុខ ដល់ប្រជាពលរដ្ឋនៅខេត្តក្រចេះ ស្ទឹងត្រែង និងព្រះវិហារ ដើម្បីឱ្យប្រជាពលរដ្ឋ ដែលងាយរងគ្រោះ ក៏ដូចជាអ្នកសិក្សាបានតិចតួច និងអ្នកគ្មានការងារធ្វើ បានទទួលជំនាញសម្រាប់រកការងារធ្វើ និងបង្កើត អាជីវកម្មដោយខ្លួនឯង។

លោក បន្ដថា គម្រោងនេះ បានអនុវត្តន៍ជាបណ្ដើរៗ ចាប់តាំងពីឆ្នាំ ២០១៦ហើយបន្តរហូត២០២០ ដែលមានគោលដៅបណ្ដុះបណ្ដាលប្រជាពលរដ្ឋចំនួន៥៤០០នាក់ ហើយមកដល់ឆ្នាំ២០១៨នេះ គម្រោងបានផ្ដល់ការបណ្ដុះបណ្ដាលដល់ប្រជាពលរដ្ឋប្រហែលពាក់កណ្ដាលហើយ។ជាមួយគ្នានោះ ស្វីសក៏បន្តគាំទ្រ ចំពោះអ្នកដែលបង្កើតអាជីវកម្មខ្លួនឯង បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលរួចហើយ។
ឯកឧត្ដម ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថាជំនាញទាំងនោះ មានដូចជា៖ ជួសជុលម៉ាស៊ីនធន់តូច ជួសជុលម៉ូតូ តបណ្ដាញអគ្គិសនី ជាងកំបោរ សម្អាងការ និងកាត់ដេរសម្លៀកបំពាក់ ដែលសុទ្ធតែផ្សារភ្ជាប់ការបណ្ដុះបណ្ដាលផ្នែកទ្រឹស្ដី ទៅនឹងការអនុវត្តផ្ទាល់ នៅតាមការដ្ឋាន ដូចជា តាមរោងចក្រ សហគ្រាសនិងមជ្ឈមណ្ឌលឧស្សាហកម្មក្នុងប្រទេសកម្ពុជា៕