ធនាគារជាតិនៃកម្ពុជា អញ្ជើញអ្នកជំនាញជាតិ និងអន្ដរជាតិ ដើម្បីជួបពិភាក្សា និងស្វែងរក ដំណោះស្រាយបញ្ហាប្រឈមនានាលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ — ធនាគារជាតិនៃកម្ពុជា បានអញ្ជើញអ្នកជំនាញមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្ដរជាតិ គ្រឹះស្ថានធនាគារ និងវិស័យ​ឯកជន សម្រាប់ជួបពិភាក្សាគ្នា ក្នុងការរៀបចំផែនការ ហិរញ្ញវត្ថុសម្រាប់ធ្វើជាត្រីវិស័យសំដៅការធ្វើពិពិធកម្ម និងពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដើម្បីឈានទៅប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ និងពិភពលោក។


លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានមាន ប្រសាសន៍ថា នេះគឺជាវេទិកាសម្រាប់អ្នករៀបចំគោលនយោបាយ អ្នកជំនាញជាតិ និងអន្ដរ ជាតិក្នុងការលើកឡើង និងបង្ហាញអំពីបញ្ហាប្រឈមចម្បងៗដែលត្រូវដោះស្រាយ ដើម្បីឈាន ទៅដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍ និងស្វែងរកដំណោះស្រាយគោលនយោបាយ សម្រាប់ កម្ពុជា។

ក្នុងសន្និសីទស្ដីពីត្រីវិស័យឆ្ពោះទៅកាន់ពិធិធកម្ម និងការផ្លាស់ប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ច ជំហានបន្ទាប់ នៃការអភិវឌ្ឍកម្ពុជា កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញានេះ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ លោកជំទាវ នាវ ច័ន្ទថាណា បានបញ្ជាក់ថា ការជ្រើសរើសយកប្រធានបទលើការធ្វើពិពិធកម្ម និងការផ្លាស់ប្ដូររចនា​សម្ព័ន្ធសេដ្ឋកិច្ចលើកមកពិភាក្សានៅពេលនេះ គឺជាពិតជាមានសារៈ សំខាន់ណាស់ស្របតាមបរិបទ នៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដើម្បីលើកកម្ពស់វិស័យសេដ្ឋ កិច្ច និងការរៀបចំគោលនយោបាយលើវិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន និងចូលរួម​ជំរុញដល់ការអនុវត្ដផែនការយុទ្ធសាស្រ្ដរបស់រាជរដ្ឋាភិបាល ឱ្យកាន់តែសម្រេចបាននូវ កំណើនខ្ពស់ថែមទៀត។

លោកជំទាវបានបន្ដថា តាមរយៈការចូលរួមរបស់អ្នកជំនាញជាតិ អន្ដរជាតិលើវិស័យហិរញ្ញវត្ថុក្នុងវេទិកានេះ នឹងបង្ហាញអំពីកាលានុវត្ដភាព សម្រាប់ចូលរួមចែក រំលែកនូវបទពិសោធន៍ និងគន្លឹះសំខាន់ៗដល់គ្រឹះស្ថានធនាគារ ក្រសួង ស្ថាប័នដែលពាក់ព័ន្ធ ព្រមទាំងផ្ដល់ជាធាតុចូលសម្រាប់ការរៀបចំគោលនយោបាយប្រកបដោយភាព គ្រប់ជ្រុង ជ្រោយ សំដៅរួមចំណែកធានាឱ្យបានការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។


ជាមួយគ្នានេះ ប្រធានបទសំខាន់ៗចំនួនពីរ នឹងត្រូវលើកយកមកពិភាក្សាទាក់ទងនឹង​ការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពប្រកួតប្រជែង និងពិពិធកម្ម ដើម្បីប្រើប្រាស់សក្ដានុ​ពល​របស់កម្ពុជា ព្រមទាំងការពិនិត្យមើលបទពិសោធន៍ដែលកម្ពុជាអាចទទួលយកពីអន្ដរជាតិ ក្នុង​ការដំណើរការវិវត្ដន៍ផ្នែករចនាសម្ព័ន្ធនៃដំណាក់កាលថ្មី សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

លោក Jarkko Turunen នាយកបេសកកម្មប្រចាំប្រទេសកម្ពុជានៃមូលនិធិរូបិយវត្ថុ អន្ដរជាតិ(IMF) បានកត់សម្គាល់ឃើញថា ក្នុងរយៈពេលចុងក្រោយនេះ កំណើនសេដ្ឋកិច្ច កម្ពុជានៅតែរក្សាបាននូវភាពរឹងមាំ ដែលរួមចំណែកដល់ការអភិវឌ្ឍប្រទេស ឱ្យមានការរីក ចម្រើនបានយ៉ាងឆាប់រហ័ស៕

ដោយ អ៊ុន រិទ្ធី