ក្រសួងទេសចរណ៍លើកទឹកចិត្តម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់ចូលរួមប្រឡងប្រណាំង ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាត

វិទ្យុជាតិកម្ពុជា៖ អត្ថបទលោក  អ៊ឹម ភិរក្សនារីរតនៈ

ភ្នំពេញ៖ ក្រសួងទេសចរណ៍ លើកទឹកឲ្យចិត្តម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់ប្រឡងប្រណាំង កម្មវិធីភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាត ដើម្បីទទួលបានអត្ថប្រយោជន៍ក្នុងអាជីវកម្ម និងលើកកម្ពស់វិស័យទេសចរណ៍។

ថ្លែងក្នុងពីធីប្រកាសប្រឡងប្រណាំង ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាត លើកទី១ នៅថ្ងៃទី២០ ខែកញ្ញា នៅភោជនីយដ្ឋានទន្លេបាសាក់២  ឯកឧត្តម  ជា បូរ៉ា រដ្ឋមន្ត្រី ស្តីទីក្រសួងទេសចរណ៍ មានប្រសាសន៍ថា ការចូលរួមប្រឡងប្រណាំង ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាតនេះ នឹងធ្វើឲ្យម្ចាស់ភោជនីយដ្ឋានខិតខំពង្រឹងអនាម័យ គុណភាព សោភ័ណភាព និងសេវាកម្ម ដើម្បីទាក់ទាញចំណាប់អារម្មណ៍អតិថិជន និងទេសចរកាន់តែច្រើនចូលពិសារអាហារ ។

ឯកឧត្តម បានបន្តថា ដើម្បីទទួលបានពិន្ទុល្អម្ចាស់អាជីវកម្មត្រូវរៀបចំភោជនីយដ្ឋាន ឬអាហារដ្ឋាន គ្មានសម្រាមក្រដាសក្រោមតុ មានបង្គន់អនាម័យស្អាត មានធុងសម្រាម ត្រូវបិត ពាក្យស្លោកពីបញ្ហាអនាម័យ មិនត្រូវលើកទឹកចិត្តឲ្យក្រដាសជូតមាត់ដល់ភ្ញៀវ ត្រូវប្រើកន្សែងជំនួញវិញ ។

ឯកឧត្តម បញ្ជាក់ថា ប្រសិនបើភោជនីយដ្ឋាន និងអាហារដ្ឋានជាប់ចំណាត់ថ្នាក់ល្អ និងទទួលបានពានរង្វាន់ពីក្រសួងទេសចរណ៍ ធ្វើឲ្យអតិថិជន និងភ្ញៀវទេសចរកាន់តែស្គាល់ហើយមានទំនុកចិត្តក្នុងការចូលទទួលយកសេវាផ្សេងៗពីភោជនីយដ្ឋាននិងអាហារដ្ឋាននោះ។

សូមបញ្ចាក់ថា  ភោជនីយដ្ឋាន និងអាហារដ្ឋានគឺជាផ្នែកមួយដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ ដោយគិតត្រឹមតែរយះពេល៧ ខែដើមឆ្នាំ ២០១៨នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង ៣លាន ៤សែននាក់ ហើយកម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦លាន ១សែននាក់ នៅបំណាច់ឆ្នាំ២០១៨នេះ  ៕