អាជ្ញាធរភ្នំពេញ និងក្រុមហ៊ុនប្រមូលសំរាមអះអាងថា ភាពយឺតយ៉ាវនៃការប្រមូលសំរាមក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដោយសារខូចគ្រឿងចក្រ និងការពិបាកចូលទៅ ដល់ទីលានសំរាមរបស់រថយន្តដឹកជញ្ជូន

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី និងលោក ចន ណារិទ្ធ៖

លោក ទួន ស៊ីផេង ប្រធានក្រុមហ៊ុនស៊ិនទ្រី នៅថ្ងៃទី២០ ខែកញ្ញានេះ បានឱ្យដឹងថា ភាពយឺតយ៉ាវនៃការប្រមូលសំរាមនៅតាមទីសាធារណៈ និងតាមទីប្រជុំជនក្នុងរាជធានីភ្នំពេញក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គឺដោយសារមានភ្លៀងធ្លាក់ច្រើនដែលធ្វើឱ្យពិបាកដល់រថយន្តដឹកចូល ទីលានចាក់សម្រាម គួបផ្សំគ្រឿងចក្រនៅទីនោះខូចច្រើន។

លោកបានសុំការយោគយល់ពីប្រជាពលរដ្ឋចំពោះការយឺតយ៉ាវនៃការប្រមូលសំរាមនេះ។

ចំណែក លោក មេត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា អាជ្ញាធរកំពុងរកដំណោះស្រាយដូចជាការជួលគ្រឿងចក្រ និងធ្វើការឈូសឆាយផ្លូវ ដើម្បីឱ្យរថយន្តដឹកជញ្ជូនសំរាមចូលទៅដល់ទីលានគំនរសំរាម ខណៈអាជ្ញាធរកំពុងស្វែងរកទីតាំងជីករណ្តៅដីបន្ថែមទៀតនៅជាយក្រុង ដើម្បីប្រមូលសំរាមយកទៅចាក់ចោល។

រីឯលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានស្នើគ្រប់ភាគីទាំងអស់ រួមទាំងម្ចាស់អាជីវកម្ម អាជីវករនៅតាមផ្សារនានា សេវាកម្ម ភោជនីយដ្ឋាន ទីផ្សារ និងកន្លែងកំសាន្តនានា ត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងសំណល់សំរាមដែលខ្លួនបង្កើតឡើង ដើម្បីលើកកម្ពស់សោភ័ណភាព សណ្តាប់ធ្នាប់ និងអនាម័យបរិស្ថានសាធារណៈ ក៏ដូចជាចូលរួមទប់ស្កាត់ការបំពុលបរិស្ថាន ទឹក ដី ខ្យល់ ដែលបណ្តាលមកពីការគ្រប់គ្រងសំរាម សំណល់រឹង មិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។

យោងតាមរបាយការណ៍របស់អាជ្ញាធររាជធានីភ្នំពេញ ប៉ាន់ប្រមាណថា សំរាមប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញផលិតក្នុងមួយថ្ងៃ កើនឡើងដល់២.៧០០តោន ដែលត្រូវបានដឹកជញ្ជូនយកទៅចាក់ចោលនៅទីលានចាក់សំរាម ៕