សហព័ន្ធអាល្លឺម៉ង់ប្រកាសការគាំទ្រ និងជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ​បន្តជាមួយព្រះរាជាណាចក្រកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្ដម Markkus Benjamin Kodo សមាជិករដ្ឋសភាសហព័ន្ធអាល្លឺម៉ង់ ថ្លែងថា អា​ល្លឺ​​​ម៉ង់ នឹងបន្តគាំទ្រ ហើយត្រៀមខ្លួនជាស្រេចសម្រាប់ការគាំទ្រកម្ពុជា ជំរុញការអភិវឌ្ឍដោ​យ​​ឈរលើទំនាក់ទំនងដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ និងកិច្ចស​ហ​​ប្រតិ​បត្តិការដទៃទៀត ដែលប្រទេសទាំងពីរអាចធ្វើទៅបាន។ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោបានថ្លែងដូច្នេះប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រកម្ពុ​ជា​ បានអនុញ្ញាតឱ្យឯកឧត្ដម Markkus Benjamin Kodo សមាជិករដ្ឋសភាសហព័ន្ធអាល្លឺម៉ង់ និង​គណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ​២០​១៨ នៅវិមានសន្តិភាព។

ឯកឧត្ដម Markkus បានពាំនាំនូវពាក្យអបអរសាទរ អំពីលោក​ជំ​ទា​វ​ អធិការបតីអាល្លឺម៉ង់ Angela Merkel ជូនចំពោះសម្តេចតេជោ ពាក់ព័ន្ធនឹងការបោះឆ្នោត និងការតែងតាំងជានាយករដ្ឋមន្ត្រីរបស់សម្តេចតេជោ។ ឯកឧត្ដមបានគោរពជម្រាប​ជូនសម្តេច​តេ​ជោថា នេះគឺជាលើកទី១ហើយ ដែលឯកឧត្ដមបានធ្វើដំណើរមកកាន់​ព្រះរាជាណា​ចក្រ​កម្ពុ​ជា​។

ឯកឧត្ដមបានឮតាមព័ត៌មានល្អៗជាច្រើនអំពីកម្ពុជា ហើយនៅពេលនេះ ឯកឧត្ដម​បាន​ឃើ​​ញ និងបានជឿជាក់ច្បាស់នូវអ្វីដែលឯកឧត្ដមបានស្តាប់ឮក្នុងព័ត៌មាននោះ គឺជាការ​ពិត​ដែ​ល​កម្ពុជាបានប្រឹងប្រែង និងបានកាត់បន្ថយភាពក្រីក្របានយ៉ាងច្រើន ហើយក៏បាន​ជំរុញកិ​ច្ច​កា​រនានា ជាពិសេសកិច្ចការគាំពារសង្គម មើលថែទាំកម្មករ-កម្មការិនី តាមរោងចក្រជាពិ​សេ​ស​​​កម្មការិនី ដែលមានផ្ទៃពោះ។ នៅក្នុងបរិបទនេះ ឯកឧត្ដមបានសម្តែងនូវការអបអរសាទរ និ​ង​​សេចក្តីរីករាយ ដែលមានក្រុមហ៊ុនធំៗយ៉ាងច្រើន ដែលមានកិត្តិស័ព្ទល្បីៗមកដំណើរការ ក្នុ​ង​​ប្រទេសកម្ពុជា ហើយដែលផលិតនូវសម្ភារ ជាពិសេសវាយនភ័ណ្ឌ ដែលមានគុណភាព​ស​ម្រា​ប់នាំចេញទៅទីផ្សារអឺរ៉ុប។

ឯកឧត្ដមបានបញ្ជាក់សាជាថ្មីថា អាល្លឺម៉ង់នឹងបន្តគាំទ្រ ហើ​យ​ត្រៀ​មខ្លួនជាស្រេច សម្រាប់ការគាំទ្រកម្ពុជា ជំរុញការអភិវឌ្ឍ ដែលឈរលើទំនាក់ទំនង​ដែ​ល​មាន​ស្រាប់ និងកិច្ច សហប្រតិបត្តិការ ដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការដទៃទៀត ដែ​ល​ប្រទេសទាំងពីរ អាចធ្វើទៅបាន។

ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ជូនចំពោះ​លោ​ក​ជំ​ទា​វ អធិការបតីអាល្លឺម៉ង់ ដែលបានផ្ញើសារអបអរសាទរចំពោះលទ្ធផលនៃការបោះឆ្នោត និង​ការ​ឡើងកាន់តំណែង ជានាយករដ្ឋមន្ត្រីរបស់សម្តេចផងដែរ។

សម្តេចតេជោ​បានមានប្រសា​ស​ន៍​ថា លក្ខខណ្ឌការងាររបស់កម្មករ-កម្មការិនី គឺជាអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ស​ម្តេច​បានចុះទៅជួប ប្រធានក្រុមហ៊ុន អ្នកគ្រប់គ្រងក្រុមហ៊ុន ជាពិសេសកម្មករ-កម្មការិនី ចំនួ​ន​៨០​ម៉ឺននាក់ ហើយក្នុងជំនួបនោះ គឺដើម្បីជំរុញការអនុវត្តកិច្ចគាំពារសង្គម ដែលក្នុងនោះ​រោង​ចក្រ​នីមួយៗចាំបាច់ត្រូវមានអាហារថ្ងៃត្រង់ សម្រាប់កម្មករ-កម្មការិនី ចាំបាច់ត្រូវមាន​គិ​លាន​ដ្ឋា​ន កន្លែងបំបៅដោះកូន គិតគូរអំពីសុខភាពស្ត្រីមានផ្ទៃពោះ និងស្ត្រីក្រោយពេលសម្រាល កូន ដែលក្នុង​នោះនឹងត្រូវទទួលបានថវិកាចំនួន១០០ដុល្លារអាម៉េរិកសម្រាប់កូននីមួយៗ ហើយ​នឹង​​ប្រាក់ខែដែលមានការឡើងជារៀងរាល់ឆ្នាំទៀតផង។

សម្តេចតេជោនាយករដ្ឋមន្ត្រីបាន​មា​ន​​ប្រសាសន៍ទៀតថា រាជរដ្ឋាភិបាល ក្នុងអាណត្តិថ្មីនេះ គឺបន្តធ្វើការជាមួយនឹងការងារ ដែល​បាន​ធ្វើកន្លងមក ជាពិសេសទៀតនោះ គឺធ្វើយ៉ាងណាដើម្បី រក្សានូវម៉ាក្រូសេដ្ឋកិច្ច និង​ស្ថិរ​ភា​ព​​នយោបាយ។ រយៈពេលកន្លងមកនេះ កម្ពុជាបានទទួលរងនូវទឹកជំនន់ អស់រយៈពេល៣ខែ​ក​ន្លងមកហើយៗ នៅពេលនេះ រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ ដោះស្រាយ​ទៅលើ​បញ្ហា​នេះ ធ្វើយ៉ាងណាកុំឱ្យប្រជាជន កម្ពុជា ដែលឆ្លងកាត់ផុតបន្ទាត់ក្រីក្រហើយ ធ្លាក់ចុះទៅ​ក្រោម​បន្ទាត់ក្រីក្រវិញដោយសារមូល ហេតុទឹកជំនន់នេះទេ៕

ដោយ ជឹម ណារី