វិមានក្រឹមឡាំង៖ លោក ពូទីន និងលោកស្រី ម៉ាហ្កែល ពិភាក្សាគ្នាពីដំណោះស្រាយនៅស៊ីរី

AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ — សេវាព័ត៌មានវិមានក្រឹមឡាំងបានប្រកាសកាលពីថ្ងៃពុធថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានធ្វើកិច្ចសន្ទនាគ្នាតាមទូរស័ព្ទ ជាមួយអធិកាបតីអាល្លឺម៉ង់​លោកស្រី អេនជេឡា ម៉ាហ្កែល ​ដោយពិភាក្សាគ្នានូវរាល់បញ្ហាជាច្រើនផ្សេងៗទៀតពីដំណោះស្រាយ​នៃជម្លោះនៅក្នុងប្រទេសស៊ីរីដែលកំពុងបន្តនេះ។

សេវាព័ត៌មានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បញ្ហានៃដំណោះស្រាយបញ្ហា​នៅក្នុងប្រទេសស៊ីរី​ត្រូវបានគេពិភាក្សាគ្នា​។ ប្រធានាធិបតីរុស្ស៊ីបានពន្យល់ដល់លោកស្រី ​ម៉ាហ្កែល​ ពីកិច្ចព្រមព្រៀងរុស្ស៊ី-តួកគី ស្តីអំពីកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យមានស្ថិរភាពឡើងវិញ​នៅក្នុងដែលវឹកវរដោយសង្រ្គាមក្នុងទីក្រុងអ៊ីដលីប ​នោះ ដែលបានអនុម័តក្នុងអំឡុងពេល​កិច្ចចរចា​ជាមួយប្រធានាធិបតីតួកគី លោក រីស៊ីប តាយីប អេដូហ្កា​ន កាលពីថ្ងៃទី១៧ ខែកញ្ញា​កន្លងមកនេះ នៅទីក្រុង​សូជី ( Sochi )។​

កិច្ចចរចាកាលពីថ្ងៃទី១៧ ខែកញ្ញា រវាង​លោក ពូទីន និងលោក អេដូហ្កាន​ នៅក្នុងទីក្រុង​សូជី ប្រទេសរុស្ស៊ី ដែលបានជាលទ្ធផលនៅក្នុងកិច្ចព្រមព្រៀងមួយ​ ដើម្បីបង្កើតតំបន់គ្មាន​កងទ័ព​មួយ នៅក្នុងទីក្រុងអ៊ីដលីប​ប្រទេសស៊ីរី តាមរយៈខ្សែទំនាក់ទំនាក់រវាងកងទ័ព​រដ្ឋាភិបាល ​​នឹងពួកប្រឆាំង​នៅត្រឹមថ្ងៃទី១៥ ខែតុលា។

នៅក្នុងចំណុចស្របគ្នាជាមួយនឹងកិច្ចព្រមព្រៀងដែលបានអនុម័ត​នោះ រថពាសដែក ប្រព័ន្ធបាញ់ មីស៊ីលផ្លោង ប្រព័ន្ធកាំភ្លើងផ្លោង និងកាំភ្លើងធំរបស់ពួកប្រឆាំង​ត្រូវតែដកចេញពី​តំបន់ទាំងនេះ នៅត្រឹមថ្ងៃទី១០ ខែតុលាខាងមុខនេះ។ តាមកិច្ចព្រមព្រៀងបានឱ្យដឹងថា ការត្រួតពិនិត្យនៅក្នុងតំបន់នេះ នឹងត្រូវបានគេសាកល្បង​ដោយក្រុមល្បាតចល័តមួយ​របស់កងទ័ពតួកគី និងតម្រួតយោធារុស្ស៊ី​។

អ៊ីដលីប គឺជាខេត្តមួយប៉ុណ្ណោះរបស់ប្រទេសស៊ីរី ​នៅតែត្រូវបានគ្រប់គ្រងដោយ​ក្រុម​ប្រដាប់អាវុធដែលគេដាក់ឱ្យនៅក្រៅច្បាប់​។ កាលពីឆ្នាំ២០១៧ តំបន់ដែលវឹកវរមួយនេះ ត្រូវ​បាន​គេបង្កើតឡើងនៅក្នុងតំបន់ កន្លែងដែលពួកសកម្មប្រយុទ្ធទាំងនោះស្ទាក់ស្ទើរក្នុងការទម្លាក់​អាវុធ​របស់ពួកគេ ហើយអាចទៅរួមរស់ជាមួយក្រុមគ្រួសាររបស់ពួកគេវិញនោះ។

តាមបេសក​ជនពិសេស អ.ស.ប ប្រចាំនៅប្រទេសស៊ីរី​លោក Staffan de Mistura បានឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ ទីក្រុងអ៊ីដលីប​បានទទួលធ្វើម្ចាស់ផ្ទះនូវពួកសកម្មប្រយុទ្ធ ប្រមាណ ​១០.០០០នាក់​មកពីក្រុមភរវកម្ម Jabhat al-Nusra និងAl-Qaeda (ដែលក្រុមទាំងពីរនេះ ត្រូវបានដាក់ឱ្យនៅក្រៅច្បាប់ដោយប្រទេសរុស្ស៊ី)៕

( ប្រភព TASS បកប្រែដោយលោក មាស សំអុល )