អាជ្ញាធរខេត្តសៀមរាបចុះរៀបចំទីទួលសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅស្រុក​ជី​ក្រែង

AKP សៀមរាប ថ្ងៃទី២០ ខែកញ្ញា ឆ្នំា២០១៨ –លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប​ និងជាអនុប្រធានអចិន្ត្រៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត កាលពីថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ បានដឹកនាំមន្រ្តីពាក់ព័ន្ធចុះទៅពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង ដែលកំពុងលិចលំនៅឋានរបស់ប្រជាពលរដ្ឋ នៅក្នុងឃុំសង្វើយ ឃុំអន្លង់សំណរ និងឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប និងបានរៀបចំទីទួលសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន១៨៥គ្រួសារ ដើម្បីឱ្យពួកគាត់បានស្នាកនៅ       បណ្តោះអាសន្នប្រកបដោយសុវត្ថិភាព

នៅពេលបានជួបជាមួយបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះជំនន់ទឹកភ្លៀង លោកង៉ាន់ ភិរុណ បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានមកបោះតាំងទីលំនៅស្នាក់នៅ   ណ្តោះអាសន្នលើទីទួលសុវត្ថភាព ត្រូវយកចិត្តទុកដាក់លើការថែទាំសុខភាព ដោយបរិភោគទឹកស្អាត សំខាន់ត្រូវមានការប្រុងប្រយ័ត្ន និងបង្ការឱ្យបានខ្ពស់ចំពោះសត្វមានពឹស ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ចំពោះកុមារតូចៗកុំឱ្យចុះលេងទឹកចៀសវាងមានគ្រោះថ្នាក់ណាមួយកើតឡើង។ ជាមួយគ្នានេះដែរ លោកបានក្រើនរម្លឹកដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសកងកម្លាំងសមត្ថកិច្ច និងក្រុមគ្រូពេទ្យទាំងអស់ ត្រូវធ្វើការតាមដាននូវរាល់សភាពការណ៍នៃទឹកជំនន់ និងយកចិត្តទុកដាក់ខ្ពស់អំពីសុខភាពរបស់បងប្អូន ដោយត្រូវចុះត្រួតពិនិត្យឱ្យបានជាប្រចាំ ដើមី្បងាយស្រួលនៅពេលបងប្អូនមានបញ្ហាសុខភាពណាមួយ នាំពួកគាត់ទៅកាន់មណ្ឌលសុខភាពបានទាន់ពេលវេលា

លោកអភិបានរងខេត្តបានបន្តថា ក្រៅពីនេះក្រុមគ្រូពេទ្យ ត្រូវធ្វើការចែកចាយនូវថ្នាំសម្លាប់មេរោគក្នុងទឹក ដើម្បីទប់ស្កាត់ការឆ្លងជំងឺផ្សេងៗនៅពេលទឹកកំពុងតែជន់លិច។ ជាមួយគ្នានេះដែរ ក្រុមពេទ្យសត្វ នៃមន្ទីរកសិកម្មខេត្តក៏ត្រូវចាក់ថ្នាំការពារជំងឺដល់សត្វពាហនៈ ដែលជាកម្លាំងអូសទាញបង្កបង្កើនផលដ៏សំខាន់របស់បងប្អូនប្រជាពលរដ្ឋ។

ក្នុងពេលដែលបងប្អូនប្រជាពលរដ្ឋកំពុងទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងនេះ អង្គការទស្សនៈពិភពលោក ក៏បានជួយឧបត្ថម្ភ តង់១០, អំពូលភ្លើងដើរដោយពន្លឺព្រះអាទិត្យចំនួន៣, ពិល១០, សម្ភារៈសម្រាប់ទឹកស្អាត, អង្ករ ៣០០គីឡូក្រាម និងទឹកសុទ្ធដបធំ៣០ដបផងដែរ

ដោយ ឃុត សៅ