អណ្តូងទឹកស្អាតទី៣០និង៣១ត្រូវបានប្រគល់ជូនសហគមន៍ក្រីក្រតាមជនបទ

AKP សៀមរាប ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ –អណ្តូងទឹកស្អាត អណ្តូងស្នប់អាហ្វ្រីដេស៍ចំនួន២កន្លែង ត្រូវបានសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ជូនដល់សហគមន៍ក្រីក្រពីរកន្លែងសម្រាប់ប្រើប្រាស់ជាប្រយោជ ន៍រួម ពោលគឺនៅភូមិកន្សែងលើនិងភូមិតាតោកកើត ស្ថិតក្នុងឃុំចាន់សរ ស្រុកសូទ្រនិគមខេត្តសៀមរាប ដែលពិធីប្រគល់នេះបានប្រារព្ធឡើងកាលពីថ្ងៃពុធ ១០កើត ខែភទ្របទឆ្នាំច សំរឹទ្ធស័ក ព .ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។

      ក្នុងពិធីប្រគល់អណ្តូងទឹកនោះ លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង បានសំណេះ សំណាល និងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយឡើយ។

      លោកជំទាវ គួយ ណាលីន ក៏បានលើកឡើងផងដែរថា បញ្ហាសុខភាពគឺជាកត្តាចម្បងសម្រាប់មនុស្សយើងគ្រប់រូប ដូច្នេះបញ្ហាទឹកស្អាតក៏ជាកត្តាដ៏ចាំបាច់សម្រាប់មនុស្សជាតិយើងគ្រប់រូបក្នុងការរស់នៅប្រចាំថ្ងៃ ដើមី្បបរិភោគប្រើប្រាស់ជាអចិន្ត្រៃយ៍ ទឹកគឺជាថាមពលចិញ្ចឹមសរីរាង្គកាយមនុស្ស សត្វ និងរុក្ខជាតិ។ ម៉្យាងទៀតអណ្តូងទឹកទាំងពីរនេះ ក៏ជា​សមទ្ធិផលថ្មីសម្រាប់បងប្អូនប្រជាពលរដ្ឋនៅភូមិកន្សែងលើ និងភូមិតាតោកកើត នេះដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ ក៏បានថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភរបស់សប្បុរសជនចិនឈ្មោះ អ៊ុយ ស៊ូគុជ ដែលបានផ្តល់អណ្តូងទឹកទាំងពីរនេះ ជូនដល់ប្រជាជនតាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលសរបញ្ជាក់នូវទឹកចិត្តដ៏សប្បុរសធម៌ដើមី្បរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាម  រយៈការធ្វើឱ្យប្រសើរឡើងលើវិស័យប្រើប្រាស់ទឹកស្អាត និងដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ទឹកជាប្រភពនៃជីវិត

     លោក ម៉ក់ ប្រុស អភិបាលនៃគណៈអភិបាលស្រុកសូទ្រនិគម និងជាប្រធានអនុសាខាកាកបាទក្រហមស្រុក បានឱ្យដឹងថា នៅតាមបណ្តាភូមិមួយចំនួន កំពុងប្រឈមទៅនឹងការខ្វះខាតទឹកស្អាតប្រើប្រាស់ ដែលកន្លងមកប្រជាពលរដ្ឋទាំងនោះបានប្រើប្រាស់ទឹកដែលគ្មានអនាម័យ ដូចជា អណ្តូងដៃតូចៗ ទឹកស្រះ និងទឹកអូរជាដើម ។

      យោងតាមការឱ្យដឹងពីសំណាក់លោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានឱ្យដឹងថា នេះជាអណ្ដូងទឹកស្អាតទី៣០និង៣១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។ នៅក្នុងពិធីប្រគល់អណ្តូងទឹកនោះដែរ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បាននាំយកអំណោយមួយចំនួន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមដោយក្នុងនោះម្នាក់ៗទទួលបាន សារុង១និងថវិកា១ម៉ឺនរៀល ៕

ដោយ ហង្ស សៀក