ធនាគារកាណាឌីយ៉ាបន្ថែមទុន១៥០ លានដុល្លារ លើកញ្ចប់ឥណទាន ដើម្បីគាំទ្រវិស័យ SME នៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០១៨ — ធនាគារ កាណាឌីយ៉ា បានបន្ថែមទុនវិនិយោគ១៥០លានដុល្លារ ដើម្បីផ្តល់ឥណទាន ដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលហៅកាត់ថា SMEs ។

អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារកាណាឌីយ៉ា បានលើក ឡើងថា ការផ្តល់កញ្ចប់ឥណទានក្នុងវិស័យ SME នាពេលនេះ នឹងអាចជួយ សម្រួលការ លំបាកក្នុងការស្វែងរកទុនពង្រីក និងបង្កើតអាជីវកម្មថ្មីៗ ស្របពេលដែលវិស័យ SME កំពុងជួបបញ្ហាកង្វះទុនក្នុងការពង្រីកអាជីវកម្ម។

អ្នកឧកញ៉ាបន្តថា ការពង្រឹងអាជីវកម្មរបស់ SMEs នៅក្នុងប្រទេសមួយ ពិតជាបាន ដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីការពង្រឹងនូវធនធាន មនុស្ស បច្ចេកទេស និងហេដ្ឋារចនាសម្ព័ន្ធ។ អ្នកឧកញ៉ាបានគូសបញ្ជាក់ទៀតថា តាមរយៈការបន្ថែមនូវកញ្ចប់ឥណទានសម្រាប់SMEsនេះ ម្ចាស់សហគ្រាស និងអាជីវកម្ម នឹងអាចធ្វើការស្នើសុំកម្ចីឥណទានពីធនាគារ ក្នុងអត្រាការប្រាក់ ៧.៨ភាគរយក្នុង១ឆ្នាំ។

ឯកឧត្តមកិត្ដិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានមានប្រសាសន៍ថា កញ្ចប់ថវិកា ១៥០លានដុល្លារនេះ គឺជារឿងល្អ សម្រាប់វិស័យ SMEs ក្នុងប្រទេសកម្ពុជា ដើម្បីអាចទទួលបាននូវកម្ចីក្នុងការពង្រីកអាជីវកម្ម ខណៈ បច្ចុប្បន្នវិស័យ SMEs ក្នុងប្រទេសកម្ពុជា មានប្រមាណ៩០ភាគរយ ដែលកំពុងមាន តម្រូវការ ផ្នែកហិរញ្ញវត្ថុ។

គួរបញ្ជាក់ថា បើតាមស្ថិតិរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបង្ហាញថា នៅក្នុងចំណោមសហគ្រាសជាង៥២ម៉ឺន សហគ្រាស នៅក្នុងប្រទេសកម្ពុជា មានសហគ្រាស ធុនតូច និងមធ្យមមានប្រមាណ៩៩.៨ភាគរយ ដែលបានផ្ដល់ការងារសរុបប្រមាណ៧០ ភាគរយ នៃការងារក្នុងវិស័យឧស្សាហកម្មសរុប៕

ដោយ ម៉ៅ ចរិយា