ឯកអគ្គរដ្ឋទូតវៀតណាមអញ្ជើញចូលរួមក្នុងកិច្ចប្រជុំជាមួយអភិបាលខេត្តក្រចេះ ដើម្បីបន្តកិច្ចសហប្រតិបត្តិការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចនៅក្នុងខេត្ត

AKP ក្រចេះ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្ដម វ៉ូ គៀនមិញ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋ សង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំជាមួយ
ឯកឧត្ដម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ កាលពីព្រឹកថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងគោលបំណងបន្តកិច្ចសហប្រតិបត្តិការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចជាមួយខេត្តក្រចេះ នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម វ៉ា ថន បានមានប្រសាសន៍ស្វាគមន៍ និងបញ្ជាក់ពីលក្ខណៈស្ថានភាពភូមិសាស្រ្តទូទៅ និងសក្តានុពលនៃទឹកដីខេត្តក្រចេះ ដែលមានលក្ខណៈអំណោយផលដល់ការវិនិយោគ ដោយផ្អែកលើកកិច្ចសហប្រតិបត្តិការ រវាងក្រុមហ៊ុនដៃគូវិនិយោគនានា ក្នុងនោះក្រុមហ៊ុនវិនិយោគដីសម្បទានសេដ្ឋកិច្ចចំនួន ៤៩ ក្រុមហ៊ុន លើផ្ទៃដីសរុប ១៩៩.៩១៦ ហិកតា ដាំដុះកៅស៊ូបានចំនួន ៨៥.០០០ហិកតា ដំឡូងមីបាន ៤.៥២២ហិកតា។

ឯកឧត្ដមអភិបាលខេត្ត ក៏បាបញ្ជាក់ផងដែរអំពីកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុនវៀតណាម ដែលបានធ្វើវិនិយោគដីសម្បទានសេដ្ឋកិច្ចលើដំណាំកសិកម្មឧស្សាហកម្មចំនួន ១៧ ក្រុមហ៊ុនលើផ្ទៃដីសរុប ៦៥.២១៣ ហិកតា ដោយធ្វើការដាំដុះសម្រេចបាន ៣៦.៤៧៤ ហិកតា ហើយខេត្តក្រចេះមានក្រុមហ៊ុនសហគ្រាស អាជីវករធនធានរ៉ែ ទទួលអាជ្ញាប័ណ្ណពីក្រសួងរ៉ែ និងថាមពលសរុបចំនួន ៣៤ ក្រុមហ៊ុន ស្មើនឹង ៣៨ អាជ្ញាប័ណ្ណ ក្នុងនោះក្រុមហ៊ុនវៀតណាមដែលវិនិយោគលើវិស័យរ៉ែមាស ៤ ក្រុមហ៊ុន គឺក្រុមហ៊ុនស្រាវជ្រាវរ៉ែមាស ១ក្រុមហ៊ុន និងក្រុមហ៊ុនថ្មអារ ៣ក្រុមហ៊ុន។ ក្រៅពីការវិនិ យោគរបស់ក្រុមហ៊ុន ការដាំដុះកៅស៊ូជាលក្ខណៈគ្រួសារសម្រេចបាន ២៥.០០០ ហិកតា ស្វាយចន្ទី ២៣.០៦៨ ហិកតា ម្រេច ៨៨៩ ហិកតា ដំឡូងមី ៦៦.០០០ ហិកតា និងដំាណាំរួមផ្សំជាច្រើនពាន់ហិកតាបន្ថែមទៀត ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើងជាលំដាប់។
ឯកឧត្តមអភិបាលខេត្តក្រចេះបានបញ្ជាក់ថា សព្វថ្ងៃមានក្រុម ហ៊ុនកែច្នៃដំឡូងមីចំនួន ៣ក្រុមហ៊ុន ស្ថិតក្នុងស្រុកសំបូរ១កន្លែង ក្រុងក្រចេះ១កន្លែង ទើប នឹងដំណើរការ ដែលតម្រូវការដំឡូងមី ចាប់ពី ៨០០តោន ទៅ១.០០០តោន ក្នុង១ថ្ងៃ និង ១កន្លែងទៀតនៅក្នុងភូមិសាស្ត្រស្រុកស្នួល ដែលជាតំបន់សេដ្ឋកិច្ចពិសេស ដែលបានវិនិយោគលើផ្ទៃដីសរុប ៨១៧ហិកតា ដើម្បីធ្វើការកែច្នៃទៅជាផលិតផលសម្រេចសម្រាប់លក់នៅលើទីផ្សារក្នុងស្រុក និងធ្វើការនាំចេញ ។

ឯកឧត្តមបញ្ជាក់ទៀតថា ក្នុងដំណើរការវិនិ យោគរបស់ក្រុមហ៊ុនទាំងអស់នៅលើទឹកដីខេត្តក្រចេះ គឺបានជួយសម្រួល និង ឧបត្ថម្ភគាំទ្រ នូវសម្ភារប្រើប្រាស់ និងកន្លែងស្នាក់នៅដល់កម្មករខ្មែរ ដែលទៅបម្រើការក្នុងក្រុមហ៊ុនវិនិយោគទាំងនោះដែរ។


ឯកឧត្តម វ៉ូ គៀនមិញ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសវៀតណាម និងប្រទេសកម្ពុជា ដែលមានប្រវត្តិតស៊ូ សាមគ្គីភាព មិត្តភាព តាំងពីយូរយាមកម៉្លេះ។ ឯកឧត្ដមបញ្ជាក់ថា ប្រទេសយើងទាំងពីរ បានអនុគ្រោះនូវវិស័យជាច្រើន ក្នុងការបង្កលក្ខណៈងាយស្រួយដល់ប្រជាពលរដ្ឋ អាជីវករ កម្មករ និងនិយោជកដែលបានបម្រើការក្នុងបណ្តាក្រុមហ៊ុនវិនិយោគ ជាពិសេសវិស័យសេដ្ឋកិច្ច និងវិស័យកសិកម្ម ដោយបានជួយឧបត្ថម្ភគាំទ្រទាំងសម្ភារ និងបច្ចេកទេស បទពិសោធន៍ វគ្គបណ្តុះបណ្តាល តាមរយៈការធ្វើទស្សនកិច្ចសិក្សាពីគ្នាទៅវិញទៅមក។

ឯកឧត្តម វ៉ូ គៀនមិញ ក៏បានថ្លែងនូវសេចក្តីរំពឹងទុក ក្នុងកិច្ចសហប្រតិបតិ្តការ រវាងអាជ្ញាធរខេត្ត និងបណ្តាក្រុមហ៊ុនដែលបានវិនិ យោគនៅលើទឹកដីខេត្តក្រចេះ ក្នុងការអភិវឌ្ឍ នូវវិស័យសេដ្ឋកិច្ចរបស់ខេត្ត និងសេដ្ឋកិច្ចប្រជាពលរដ្ឋរបស់ប្រទេសយើងទាំងពីរ៕

ដោយ ជួន សុជាតិ