សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប បញ្ចូនអត្តពលិក៤ប្រភេទកីឡាចូលរួមប្រកួតកីឡានិស្សិត ឧត្តមសិក្សា ឆ្នាំ២០១៨

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ — លោក ពៅ ហុក គ្រូបង្វឹកកីឡាសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប បានបញ្ជាក់នៅក្នុងសន្និ សីទសារព័ត៌មាន នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះថា អាស៊ីអឺរ៉ុបគ្រោងនឹងបញ្ជូន៤ ប្រភេទកីឡាចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេក ទេសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៨នេះជាមួយនឹងក្តីសង្ឃឹមក្នុងការឈ្នះមេដាយមាស ជាច្រើន ដូចឆ្នាំ២០១៧ ដែរ។


លោកបានលើកឡើងថា ៤ប្រភេទកីឡានេះ រួមមាន៖ អត្តពលកម្មបុរស-នារី មាន១១នាក់, បាល់បោះបុរស-នារី មាន២៤នាក់, វាយកូនឃ្លីលើតុផ្នែកបុរស៤នាក់ និងប៉េតង់បុរស-នារី មានចំនួន៨នាក់ ដែលមានចំនួន ៤៨នាក់ រួមទាំងគ្រូបង្វឹក គ្រូជំនួយ និងប្រតិភូសរុប មាន៦០នាក់។ គួររម្លឹកថា កាលពីឆ្នាំ២០១៧ ក្លិបសាកលវិទ្យាល័យ អាស៊ីអឺរ៉ុបបានបញ្ជូន អត្តពលិករបស់ខ្លួនត្រឹមតែ៣ប្រភេទកីឡាប៉ុណ្ណោះ ប៉ុន្តែឆ្នាំ២០១៨ បញ្ជូនចូលរួមចំនួន៤ប្រ ភេទកីឡា ក្នុងនោះវាយកូនឃ្លីលើតុជាកីឡាថ្មី។

លោក ពៅ ហុក បានបង្ហាញនូវក្តីរំពឹងខ្ពស់ ក្នុងការឈ្នះមេដាយមាសបានច្រើន ដូចកាលពី ឆ្នាំ២០១៧ កន្លងទៅដែរ។ ឆ្នាំនេះក៏ដូចជាបណ្តាឆ្នាំកន្លងទៅដែរ អាស៊ីអឺរ៉ុបតែងតែយកចិត្ត ទុកដាក់ និងទទួលបានការ ឧបត្ថម្ភគាំទ្រយ៉ាងខ្លាំងទាំងកម្លាំងចិត្ត និងថវិកាពីឯកឧត្តម ឌួង លាង ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ដើម្បីប្រជែងយកឈ្នះមេដាយ ពីការប្រកួតថ្នាក់ជាតិ ក៏ដូចជាខិតខំបន្តកិច្ចអភិវឌ្ឍវិស័យ កីឡានានា ព្រមជាមួយនឹងចក្ខុ វិស័យវែងឆ្ងាយក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព ឱ្យកាន់តែរីក ចម្រើនបន្ថែមទៀត ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។


បើតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា​ព្រឹត្តិការណ៍ កីឡា និស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៨នេះ មាន៦ប្រភេទកីឡាដាក់ឱ្យប្រកួត ដូចជាប្រភេទកីឡាបាល់ទាត់ បាល់បោះ បាល់ទះ អត្តពល កម្ម ប៉េតង់ និងវាយកូនឃ្លីលើតុ ដែលមាន កីឡាករកីឡាការិនីចូលរួមសរុបចំនួន៦៩៩នាក់ ក្នុងនោះមាននារីចំនួន៩៤នាក់ មកពីគ្រឹះស្ថានឧត្តមសិក្សានានា ចំនួន២២មកពីបណ្តាខេត្ត និងរាជធានី៕

ដោយ ហេង ណាលីន