សម្ដេចតេជោបញ្ជាក់ពីកាលបរិច្ឆេទទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី២៧ ខែកញ្ញា ខាងមុខ

AKP កំពង់ស្ពឺ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា សម្ដេចនឹងទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី២៧​ខែ​​កញ្ញា ឆ្នាំ២០១៨ នៅឯទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដែលឆ្នាំនេះព្រះរាជាណាចក្រកម្ពុជា ក៏​ជាអនុប្រធានមហាសន្និបាតអង្គការសហប្រជាជាតិផងនោះ។

ក្នុងពីធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ចំនួន ២៧ ៤៤៤នាក់ ដែល​ម​ក​​ពី​រោងចក្រ សហគ្រាសចំនួន ២៤ ដែលត្រូវបាន​ប្រា​រព្ធធ្វើឡើង នាព្រឹកថ្ងៃពុធ ១០កើត ខែ​ភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៩​ ខែកញ្ញា ឆ្នាំ២០១៨ នៅភូមិ​ស្វា​យ​ទា​ប​ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ សម្ដេចតេជោ ថ្លែងថា នៅឯទីក្រុងញូវយ៉ក ថ្ងៃទី ២៨ ខែកញ្ញា សម្ដេចនឹងមានជំនួបជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសចំនួនពីរ បន្ទាប់មកនឹង​ត្រូវ​ថ្លែងសុន្ទរកថា នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅវេលាថ្ងៃត្រង់ ឯពេលល្ងាច នឹង​ត្រូវជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ។

នៅថ្ងៃទី ២៩ ខែកញ្ញា នឹងមាន​ជំនួ​ប​ជាមួយបងប្អូនខ្មែរដែលកំពុងរស់នៅតាមបណ្ដារដ្ឋនានាក្នុងសហរដ្ឋអាមេរិក ដែលគិតមក​ដ​ល់​​ពេលនេះមាន​ចំនួនជាង១០០០នាក់រួចទៅហើយ។ បន្ទាប់មក នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០​១៨​​ នឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ព្រមទាំងប្រទេសឥណ្ឌូណេស៊ី ហើយនៅថ្ងៃទី១៧ ធ្វើ​ដំ​ណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប និងអាស៊ាន អឺរ៉ុប នៅទីក្រុងព្រុចសែល បន្ទាប់​មក​មាន​គម្រោងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសតួកគី ព្រមទាំងទៅកាន់ទីក្រុងហ្សឺណែវ​ដើម្បី​ទៅ​ចូ​លរួមកិច្ចប្រជុំកំពូលស្ដីពីបញ្ហាពាណិជ្ជកម្មផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីគូស​ប​ញ្ជា​​ក់ថា «ខ្ញុំនិយាយយ៉ាងដូច្នេះក៏ចង់ប្រាប់ ទៅមនុស្សមួយចំនួនឱ្យបានច្បាស់ភ្លឺភ្នែកថា កម្ពុ​ជា​​គឺ​ជា​រដ្ឋអធិបតេយ្យ ជាអ្នកគ្រប់គ្រង ទាំងអស់នៅបណ្ដាវេទិកាអន្តរជាតិទាំងអស់នៅ​លើ​លោ​ក​​នេះ សុំកុំមានការភាន់ច្រឡំឱ្យសោះ ហើយខ្ញុំក៏សូមបញ្ជាក់ថា ការបោះឆ្នោតសម្រាប់​ក្រុម​ប្រឹ​ក្សា​​​ឃុំ សង្កាត់ នឹងត្រូវធ្វើឡើង នៅឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណារាស្ត្រនឹង​ត្រូវ​ធ្វើ​ឡើងនៅឆ្នាំ២០២៣ ខុសពីនេះគឺគ្មានទេ សុំកុំរង់ចាំខ្មោចដែលវាអាប់ហើយវាអាចរស់​ឡើងវិ​ញ​បាននោះ»។

​ប្រមុខ​រាជរដ្ឋាភិបាល ​បាន​ផ្ញើ​សារ​នយោបាយ​យ៉ាង​ដូច្នេះ​ ដោយសារ​ថ្មីៗ​នេះ ​មាន​ក្រុម​មនុស្ស​មួយ​ចំនួន​នៅតែ​បន្ត​ភូត​កុហកប្រជាពលរដ្ឋថា ​អង្គការសហប្រជាជាតិនឹង ​ដក​ ឬព្យួរអា​ស​​នៈ​​​ប្រទេស​កម្ពុជា​ នៅឯ​អង្គការសហប្រជាជាតិ ​ឬ​មាន​ការ​ដាក់​សម្ពាធ​ពី​ខាងក្រៅ​មក​លើ​កម្ពុ​ជា​​ ជាដើម​នោះ​៕

ដោយ ជឹម ណារី