ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា អំពាវនាវសុំការជួយឧបត្ថម្ភគាំទ្រ ដើម្បីអភិវឌ្ឍន៍វិស័យ កីឡាអុកចត្រង្គកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ — លោក គុជ គឹមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានប្រាប់ទីភ្នាក់ងារសារព័ត៌ មានកម្ពុជា (AKP) នៅថ្ងៃពុធ ទី១៩​ ខែកញ្ញា ឆ្នាំ២០១៨នេះថា ក្នុងនាមលោកជា ថ្នាក់ដឹកនាំ សហព័ន្ធសូមអំពាវនាវដល់បណ្តាក្រុមហ៊ុនសប្បុរសជននានាមេត្តាជួយឧបត្ថម្ភគាំទ្រ ជាថវិកា ដល់សហព័ន្ធ ក្នុងការរៀបចំការប្រកួតពង្រឹងគុណភាពកីឡាករ ក៏ដូចជាការរៀបចំព្រឹត្តិ ការណ៍ជាច្រើនទៀត ដែលសហព័ន្ធជំនាញមួយនេះកំពុងសម្រួចគោលដៅអភិវឌ្ឍន៍ ឱ្យកាន់ តែខ្លាំងក្លា។ 
លោកប្រធានសហព័ន្ធបានអះអាងថា បច្ចុប្បន្ន ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានខិតខំ អំពាវនាវស្វែងរកសប្បុរសជនដែរ ក្នុងការគាំទ្រដល់វិស័យកីឡាអុកចត្រង្គនេះផងដែរ ដើម្បីរួម គ្នាអភិវឌ្ឍន៍វិស័យកីឡាប្រពៃណីជាតិខ្មែរមួយនេះ ឱ្យកាន់តែលេចធ្លោ ឈានទៅរៀបចំធ្វើ ជាម្ចាស់ផ្ទះ ស៊ីហ្គម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ។

លោកបានបន្ថែមថា ក្នុងពេលបច្ចុប្បន្ននេះ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបានរៀបចំបេស កកម្មថ្មីមួយទៀត គឺការប្រកួតជ្រើសរើសជើង ឯកក្លិបកីឡាអុកចត្រង្គ (Ouk Chaktrang Clubs Champion League) ដើម្បីផ្តល់ឱកាសដល់កីឡាករអុកចត្រង្គទូទាំងប្រទេសបានចូលរួម ប្រកួត​ប្រជែងជ័យលាភី ក៏ដូចជាឱ្យសហព័ន្ធជ្រើសរើសបានធនធានកីឡាករប្រកបដោយ គុណភាពបន្ថែមទៀត សម្រាប់ឆ្នាំ២០១៨នេះ ដោយប្រើប្រាស់រយៈពេលប្រកួតចំនួន១៥ សប្តាហ៍ និងគ្រោងបញ្ចប់នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ខាងមុខ។


អគ្គលេខាធិការ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា លោក ឈាវ បូរ៉ា បានអះអាងថា ព្រឹត្តិការណ៍នេះមានកីឡា ករចូលរួម៣៦នាក់មកពីក្លិបចំនួន៦ ដែលក្នុង១ក្លិប មានកីឡាករ ៦នាក់ ដោយ៣នាក់ជាកីឡាករត្រូវ​ប្រកួត និង៣នាក់ទៀតជាកីឡាករបម្រុង។ កីឡាករត្រូវ ប្រកួតវិលជុំសន្សំពិន្ទុផ្លាស់ប្តូរគ្នាម្តងម្នាក់ ក្នុងដី និងក្រៅដី តាមរូប​មន្តលក្ខណៈលីគ ដោយអ្នក ឈ្នះទទួលបាន១ពិន្ទុ អ្នកចាញ់ ០ពិន្ទុ និងគ្មានស្មើគ្នាឡើយ។

កីឡាករដែលចូលរួម ប្រកួតពេល នេះមានចំនួន៣៦នាក់មកពី៦ក្លិប គឺក្លិបសេះខៀវ ស្តេចតោ ប៊ូឌីង អង្គរ អស្សរិទ្ធិ និងក្លិបទូកខ្មៅ។ អតីតកីឡាករស្តេចអុក ឈាវ បូរ៉ា បានគូសបញ្ជាក់ទៀតថា ដោយសារប្រភេទកីឡាប្រពៃណី នេះត្រូវត្រៀមខ្លួន ទទួលធ្វើស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ក្នុងឋានៈជាម្ចាស់ផ្ទះនោះ ទើប សហព័ន្ធមានកាតព្វកិច្ចពង្រឹងគុណភាព សមត្ថភាពកីឡាករទូទាំងប្រទេសឱ្យបានល្អប្រសើរ តាមរយៈការផ្សព្វផ្សាយទៅកាន់មហាជន ខណៈប្រភេទកីឡាអុកចត្រង្គនេះ នឹងត្រូវស្នើដាក់ បញ្ជូលជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ នាពេលខាងមុខ ផងដែរ។ ទន្ទឹមនេះ សម្រាប់កីឡាប្រពៃណីមួយទៀត គឺគុនល្បុក្កតោបានស្នើដាក់រួចហើយ នៅអង្គការ យូណេស្កូ ដែលអង្គការអន្តរជាតិមួយនេះនឹងប្រកាសឱ្យដឹងជាផ្លូវការស្តីពីគុនល្បុក្កតោរបស់កម្ពុជា នាឆ្នាំ២០១៩ ខាងមុខ។


សម្រាប់ប្រាក់រង្វាន់ជ័យលាភីជើងឯក ទទួលបាន១លាន៣០ម៉ឺនរៀល, ជើងឯករង ទទួលបាន ៧០ម៉ឺនរៀល និងចំណាត់ថ្នាក់លេខ៣ ទទួលបាន ៤០ម៉ឺនរៀល ដែលនេះជាប្រាក់រង្វាន់គោល ដែលនឹងអាចបង្កើនបន្ថែមប្រាក់រង្វាន់ទៀត។

លោក គុជ គឹមឡុង ប្រធានសហព័ន្ធបានជួយឧបត្ថម្ភចំនួន៤លានរៀល សម្រាប់បន្ថែម​ជូនពីលើប្រាក់រង្វាន់ជ័យលាភី។ តែទោះបីយ៉ាងណាក៏ដោយ ប្រធានសហព័ន្ធកីឡាអុកចត្រង្គ កម្ពុជាកំពុងព្យាយាមស្វះស្វែងរកដៃគូឧបត្ថម្ភពីបណ្តាក្រុមហ៊ុន និងសប្បុរសជននានា ដើម្បី ជួយជំរុញការអភិវឌ្ឍវិស័យកីឡាប្រពៃណីជាតិ មួយនេះឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

ហេង ណាលីន