រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចផ្តល់អនុសាសន៍ដល់អត្តពលិកពិការមុនចេញទៅប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម នៅឥណ្ឌូណេស៊ី

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨​ — រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការ ជាតិប៉ារ៉ាឡាំពិកកម្ពុជាបានផ្តល់អនុសាសន៍ និងលើកទឹកចិត្តជូនដល់ក្រុមអត្ត ពលិកពិការ កម្ពុជា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសង្គមកិច្ច មុនពេលដែល កីឡាពិការ នឹងត្រូវចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៣ ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែតុលា។


ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង ជាអនុប្រធានគណៈកម្មាធិការ ជាតិប៉ារ៉ាឡាំពិកកម្ពុជាបានស្នើឱ្យអត្តពលិកពិការកម្ពុជា ទាំងអស់ដែលត្រៀមចូលរួមកីឡាអាស៊ីប៉ារ៉ាហ្គេម នាពេលខាងមុខឆាប់ៗនេះ គប្បីត្រូវខិតខំឱ្យ អស់ពីលទ្ធភាពដើម្បីប្រជែងមេដាយយកមកជូនជាតិ ជាពិសេសគឺ រក្សាឱ្យបាននូវវិន័យ ក្រម សីលធម៌ និងកិត្តិយសជាតិជាចម្បង។

ឯកឧត្តមរម្លឹកថា កីឡាជនពិការត្រូវបញ្ជូន ឱ្យចូល រួមប្រកួតនៅក្នុងព្រឹត្តិការណ៍អន្តរជាតិចំនួន៣ធំៗដូចជាកម្រិតពិភពលោក តាំងពីឆ្នាំ២០០០, ក្នុងកម្រិតអាស៊ី កាលពីឆ្នាំ១៩៩៩ និងកម្រិតអាស៊ាន បានចូលរួមតាំងពីឆ្នាំ២០០២ ហើយជា លទ្ធផលដែលកម្ពុជាទទួលបាន គឺ មេដាយសរុបចំនួន១៥៩គ្រឿង ក្នុងនោះមេដាយមាស ២២គ្រឿង ប្រាក់ ៧៨គ្រឿង និងសំរឹទ្ធិ៥៩គ្រឿង។


ឯកឧត្តមរដ្ឋមន្រ្ដីបានបន្ថែមថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន និងជា ប្រធានគណៈ កម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងដោយ បានធ្វើ ឱ្យវិស័យកីឡានៅកម្ពុជារីកចម្រើនគួរឱ្យកត់​សម្គាល់ ដោយដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធិជាច្រើន ព្រមទាំងមានប្រាក់រង្វាន់លើក ទឹកចិត្តដូចៗគ្នាទាំងកីឡាពិការ និងកីឡា មិនពិការ តាមកម្រិតនីមួយៗពីលើឆាកអន្តរជាតិជាបន្តបន្ទាប់ នាពេលកន្លងមក។ ជាមួយគ្នា នោះឯកឧត្តមបានឧបត្ថម្ភថវិកាចំនួន១០លានរៀលជូនដល់ក្រុមកីឡាពិការផងដែរ។

នាយបេសកម្ម និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ឯកឧត្តម យី វាសនា បានឱ្យដឹងថា យើងកំពុងត្រៀមកីឡាករកីឡាការិនីចំនួន២៩នាក់ គ្រូបង្វឹក១១នាក់ ទីប្រឹក្សាបច្ចេកទេស៣នាក់ និងមន្ត្រីក្រសួងអប់រំម្នាក់។ កីឡាពិការកម្ពុជាត្រៀម៦ប្រភេទ ក្នុងនោះ មានអត្តពលកម្ម ហែលទឹក បាល់ បោះ ជិះរទេះនារី បាញ់ធ្នូ វាយកូនឃ្លីលើតុ និង ធែនពីនប៊ូលីង។

ឯកឧត្តមបន្ថែមទៀតថា អត្តពលិកលើ៦ប្រភេទកីឡាកំពុងបង្កើនការហ្វឹកហាត់ត្រៀមយ៉ាង សកម្ម ដែលហ្វឹក ហាត់បំប៉ននៅពហុកីឡដ្ឋានជាតិអូឡាំពិក មជ្ឈមណ្ឌលជាតិនៃ ជនពិការ តេជោសែន និងប្រភេទកីឡាធែនពីន ប៊ូលីងហ្វឹកហាត់នៅអ៊ីអនទី២៕

ដោយ ហេង ណាលីន