វៀតណាម និងបារាំងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពី កិច្ចសហប្រតិបត្តិការការពារជាតិ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ — រដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម លោក Ngo Xuan Lich និងសមភាគីបារាំងរបស់លោក គឺលោកស្រី Florence Parly បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិសម្រាប់ឆ្នាំ ២០១៨-២០២៨ នៅឯកិច្ចចរចារបស់ពួកគេនៅទីក្រុងប៉ារីស ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការពារជាតិវៀតណាមទៅកាន់ប្រទេសបារាំង។

ក្នុងអំឡុងពេលនៃកិច្ចចរចានេះ រដ្ឋមន្រ្តី Parly បានអះអាងថា: ប្រទេសបារាំងចាត់ទុកវៀតណាមជាប្រទេសមួយដែលមានតួនាទីសំខាន់ក្នុងដំបន់ និងក្នុងពិភពលោក ហើយមានសារៈសំខាន់ខ្លាំងក្នុងកិច្ចអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីជាមួយប្រទេសនៅអាស៊ីអាគ្នេយ៍។

រដ្ឋមន្ត្រី Lich បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក គឺជាផ្នែកមួយនៃសកម្មភាពរំលឹកខួបលើកទី៤៥ នៃទំនាក់ទំនងការទូតរវាងវៀតណាម និងបារាំង និងខួបលើកទី ៥ នៃភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគី។ លោកបាននិយាយថា វាក៏មានគោលបំណងក្នុងការស្វែងយល់អំពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់អគ្គលេខាបក្សកុម្មុយនីសវៀតណាម លោក Nguyen Phu Trong ទៅកាន់ប្រទេសនៅបារាំងកាលពីខែមីនា ឆ្នាំ ២០១៣ ផងដែរ។

លោករដ្ឋមន្ត្រីរូបនេះបានសម្តែងការសប្បាយរីករាយចំពោះកិច្ចអភិវឌ្ឍន៍ដ៏ទូលំទូលាយ និងប្រសិទ្ធភាពនៃទំនាក់ទំនងទ្វេភាគីក្នុងគ្រប់វិស័យទាំងអស់ រួមមានវិស័យនយោបាយ – ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិ សន្តិសុខ វប្បធម៌ ការអប់រំ វិទ្យាសាស្ត្រ យុត្តិធម៌ និងការថែទាំសុខភាព។

នៅឯកិច្ចចរចានេះ ភាគីទាំងពីរបានចែករំលែកនូវទស្សនៈរបស់ខ្លួនលើបញ្ហាតំបន់ និងអន្តរជាតិដែលជាការព្រួយបារម្ភរួមគ្នា។ រដ្ឋមន្ត្រីការពារជាតិបារាំងបាននិយាយថា ប្រទេសបារាំងបានចែករំលែកនូវជំហររបស់ខ្លួនជាមួយ បណ្តាប្រទេសជាច្រើនអំពីតម្រូវការដើម្បីធានាសន្តិសុខ និងសុវត្ថិភាពចរាចរណ៍អាកាស និងផ្លូវទឹក សុវត្ថិភាព និងសេរីភាពលើមូលដ្ឋានច្បាប់អន្តរជាតិ។

លោកស្រីបាននិយាយបន្ថែមថា ប្រទេសបារាំងនឹងបន្តរួមចំណែកក្នុងការថែរក្សាបរិស្ថាននៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍នៅក្នុងតំបន់។ រដ្ឋមន្ត្រីទាំងពីរបានយល់ស្របថា ជម្លោះទាំងអស់ត្រូវដោះស្រាយដោយសន្តិភាពស្របតាមច្បាប់អន្តរជាតិដែលរួមមានអនុសញ្ញា អ.ស.ប ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)