ឯកឧត្តម វេង សាខុន អនុញ្ញាតឱ្យប្រតិភូយុវជនកម្ពុជា នៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍មួយចំនួន

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ –តាមប្រភពព័ត៌មានរបស់ក្រសួងកសិកម្មបានឱ្យដឹងថា នៅទីស្តីការក្រសួងកាលពីរសៀលថ្ងៃអង្គារ ៩កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអនុញ្ញាត ឱ្យប្រតិភូយុវជនកម្ពុជា នៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ដឹកនាំដោយឯកឧត្តម ស៊្រាង គឹមលី ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចូលជួបសម្តែងការគួរសម និងស្នើសុំអនុសាសន៍ និងពុទ្ធិគ្រប់ជ្រុងជ្រោយពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី មុនពេលចេញទៅចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន(SSEAYP) លើកទី៤៥ នៅប្រទេសជប៉ុនប៊្រុយណេ ហ៊្វីលីពីន ថៃ និងប្រទេសវៀតណាម រយៈពេល ៥២ថ្ងៃចាប់ពីថ្ងៃទី២៣ ខែតុលា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។

តាមការរាយការណ៍របស់ឯកឧត្តម ស៊្រាន គឹមលី បានឱ្យដឹងថា សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ត្រូវបានបង្កើតឡើងដោយមហាសន្និបាតធម្មនុញ្ញ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៤ ក្នុងគោលបំណងបណ្តុះបណ្តាលយុវជនប្រកបដោយចំណេះដឹង បទពិសោធន៍ ស្មារតី និងលក្ខណៈសម្បត្តិសមស្រប ជាតំណាងយុវជនកម្ពុជា ដើម្បីចូលរួមក្នុងកម្មវិធី SSEAYP

សូមបញ្ជាក់ផងដែរថាកម្មវិធី SSEAYP ត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលជប៉ុន រួមជាមួយនឹងការគាំទ្រយ៉ាងសកម្ម និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីសំណាក់សមាជិកអាស៊ានទាំង ១០ប្រទេស ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងការយោគយល់គ្នារវាងយុវជនជប៉ុន និងយុវជនអាស៊ានទាំង ១០ប្រទេស។ ជាមួយគ្នានោះដែរ ពង្រីកចំណេះដឹង និងទស្សនវិស័យរបស់យុវជន អំពីពិភពលោករបស់ខ្លួន បង្កើនស្មារតី និងជំនាញច្បាស់ លាស់របស់យុវជន ក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងបណ្តុះភាពជាអ្នកដឹកនាំដល់យុវជន ក្នុងការអភិវឌ្ឍយុវជន និងសង្គមជាតិ។ ជាក់ស្ដែងសមាគមមានសមាជិកសរុបចំនួន៥៦៩នាក់ដែលបានចូលរួមជាមួយកម្មវិធី SSEAYP ដ៏មានអត្ថប្រយោជន៍នេះ។

ក្នុងឱកាសសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការកោតសរសើរ និងសាទរចំពោះយុវជនទាំង២៩រូប ដែលត្រូវបានជ្រើសតាំងជាតំណាងយុវជនកម្ពុជា ក្នុងកម្មវិធី SSEAYP លើកទី៤៥។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្តល់អនុសាសន៍ មួយចំនួនជូនដល់ប្រតិភូយុវជនមានជាអាទិ៍៖ ១- បន្តខិតខំប្រឹងប្រែងសិក្សា ស្រាវជ្រាវ និងបំពេញនូវភាពខ្វះខាតព្រោះអនាគតនៅវែងឆ្ងាយ និងជាពិសេសស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព និងស្ថិរភាពពេញលេញក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល។ ២- បង្កើនស្មារតីទទួលខុសត្រូវ និងយកចិត្តទុកដាក់ក្នុងការផ្តិតយករូបភាព ក៏ដូចជាតថភាពអភិវឌ្ឍន៍សំខាន់ៗរបស់ប្រទេសដទៃ ដើម្បីយកមកសិក្សា ឈ្វេងយល់ និងអនុវត្តន៍នៅពេលត្រឡប់មកមតុប្រទេសវិញ។ ៣- ត្រូវប្រមូលយកបទពិសោធន៍ល្អៗ និងបច្ចេកវិទ្យាថ្មីទំនើប ដែលជាប្រយោជន៍ដល់ការពង្រឹង និងពង្រីកសមត្ថភាព។ ៤- ត្រូវចេះផ្សាភ្ជាប់ និងសិក្សាឈ្វេងយល់អំពីដំណើរការវិវឌ្ឍន៍នៃការអភិវឌ្ឍរបស់ប្រទេសនីមួយៗ ដើម្បីយកមកជួយដល់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយប្រទេសជាតិទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០។ ៥- បន្តលើកកម្ពស់វប្បធម៌ និងប្រពៃណីខ្មែរនៅលើឆាកអន្តរជាតិ ស័ក្តិសមជាកុលបុត្រខ្មែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា ប្រតិភូយុវជននឹងទទួលបានភាពជោគជ័យជូនប្រទេសជាតិគួរជាទីមោទនៈ ហើយឯកឧត្តមរដ្ឋមន្ត្រីក៏បានជូនពរដល់ប្រតិភូយុវជនទាំង ២៩រូបក្នុងការធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព

ដោយសេងសុវណ្ណនី