សិក្ខាសាលាថ្នាក់តំបន់ស្តីពីផែនការគ្រប់គ្រងជំងឺម៉ូសាអ៊ិកដំឡូងមីនៅអាស៊ីអាគ្នេយ៍

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ –កាលពីថ្ងៃអង្គារ ៩កើត ខែភទ្របទ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅសណ្ឋាគារភ្នំពេញ ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពីផែនការគ្រប់គ្រងជំងឺម៉ូសាអ៊ិកដំឡូងមីនៅអាស៊ីអាគ្នេយ៍ ដែលបានសហការរៀបចំដោយមជ្ឈមណ្ឌលអន្តរជាតិសម្រាប់កសិកម្មតំបន់ត្រូពិក និងភាពជាដៃគូដំណាំដំឡូងមីសកលសម្រាប់សតវត្សទី២១ ជាមួយអគ្គនាយកដ្ឋានកសិកម្ម ដោយមានការចូលរួមពីអ្នកជំនាញថ្នាក់ជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ជាច្រើនដូចជា អង្គការ DFAT, ACIAR, FAO, IFAD, JICA, EU, UNDP, IFC, និង   GIZ

ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ដំណាំដំឡូងមី គឺជាដំណាំអាទិភាពមួយរបស់ប្រទេសកម្ពុជាដែលបាននិងកំពុងបំពេញតួនាទីជាស្បៀងរបស់កសិករ ជាវត្ថុធាតុដើមបម្រើឱ្យវិស័យកសិឧស្សាហកម្ម ហើយក៏ជាដំណាំដែលបណ្តាប្រទេសក្នុងតំបន់កំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍយ៉ាងខ្ជាប់ខ្ជួនផងដែរ។ នៅក្នុងឆ្នាំ២០១៧ កម្ពុជាបានចាត់ទុកដំណាំដំឡូងមីជាដំណាំអាទិភាពទី២ បន្ទាប់ពីដំណាំស្រូវ ដែលមានផ្ទៃដីដាំដុះប្រមាណជាង ០,៦១លានហិក និងទទួលបានទិន្នផលជាង ១៣,៨លានតោន។ ដោយសារសក្តានុពលនៃផលិតកម្មនេះ កម្ពុជាបានក្លាយជាប្រទេសផ្គត់ផ្គង់ផលិតផលដំឡូងមី ទាំងជាទម្រង់វត្ថុធាតុដើម និងផលិត ផលសម្រេចដ៏សំខាន់មួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជាក់ស្តែង ផលិតផលដំឡូងមីជាង ៣,៨លានតោន ត្រូវបាននាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោកក្នុងឆ្នាំ២០១៧កន្លងទៅ។

ការលេចឡើងនូវជំងឺម៉ូសាអ៊ិកដ៏គ្រោះថ្នាក់លើដំណាំដំឡូងមីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺពិតជាបញ្ហាដ៏គួរឱ្យព្រួយបារម្ភដែលបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់ខ្សែសង្វាក់ផលិតកម្មទាំងមូល (ការផលិត ការកែច្នៃ និងការនាំចេញ) ហើយអាចឈានទៅប៉ះពាល់ដល់សុខភាពសេដ្ឋកិច្ចជាតិនៃបណ្តាប្រទេសនីមួយផងដែរ។ ជំងឺនេះបានផ្ទុះឡើងនៅប្រទេសឥណ្ឌានិងប្រទេសស្រីលង្កា និងជាលើកដំបូងនៅអាស៊ីអាគ្នេយ៍នៅឆ្នាំ២០១៥។ បន្ទាប់មកនៅប៉ុន្មានឆ្នាំចុងក្រោយ ជំងឺនេះបានរីករាលដាលនៅប្រទេសវៀតណាម និងប្រទេសកម្ពុជា ដែលបាននិងកំពុងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរលើផលិតកម្មដំឡូងមីក្នុងកម្រិតមួយគួរឱ្យព្រួយបារម្ភ។ ដូច្នេះ ទាមទារឱ្យមានការសិក្សា និងវាយតម្លៃអំពីស្ថានភាពរាតត្បាតជំងឺ រួចដាក់ចេញជាវិធានការការពារ ទប់ស្កាត់ការរាលឆ្លងជំងឺឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។

ក្នុងឱកាសនោះដែរឯកឧត្តមរដ្ឋមន្រ្តីបានស្នើឱ្យអង្គសិក្ខាសាលាទាំងមូលរួមគ្នាពិនិត្យ ពិចារណារួចដាក់ចេញផែនការសកម្មភាពរួមគ្នា ពីគ្រប់ភាគីពាក់ព័ន្ធដូចជា អ្នកវិទ្យាសាស្រ្តស្រាវជ្រាវផ្នែកសត្វល្អិតនិងជំងឺ ដីនិងគុណភាពដី ពូជនិងការបង្កាត់ពូជ ដែលទាមទារឱ្យសមាជិកនៃអង្គសិក្ខាសាលារួមគ្នាបរិច្ចាគជាចំណេះដឹង បទពិសោធន៍ និងអនុសាសន៍ល្អៗសម្រាប់ជាធាតុចូលដ៏សំខាន់ក្នុងការដោះស្រាយបញ្ហានេះឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពទាំងក្នុងកម្រិតតំបន់និងកម្រិតពិភពលោក៕

ដោយសេងសុវណ្ណនី(ប្រភពក្រសួង កសិកកម្ម)