គ.ជ.ប ប៉ាន់ប្រមាណថា ចំនួនអ្នកគ្រប់អាយុចុះឈ្មោះបោះឆ្នោតថ្មីមានជិត៤៩ម៉ឺននាក់

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី៖

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានប៉ាន់ប្រមាណថា ចំនួនអ្នកគ្រប់អាយុចុះឈ្មោះបោះឆ្នោតថ្មីមានជិត៤៩ម៉ឺននាក់ ខណៈគ្រោងលុបឈ្មោះអ្នកបោះឆ្នោត ដែលបានទទួលមរណភាព និងអ្នកត្រូវបានដកសិទ្ធិបោះឆ្នោតបណ្តោះអាសន្នជាង៩ម៉ឺន៥ពាន់នាក់។

ថ្លែងក្នុងកិច្ចប្រជុំស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ នាទីស្តីការ គ.ជ.ប នៅព្រឹកថ្ងៃទី១៨ ខែកញ្ញានេះ ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប មានប្រសាសន៍ថា ចំនួន ប្រជាពលរដ្ឋខ្មែរដែលត្រូវចុះឈ្មោះថ្មីនេះ គឺមានអ្នកទើបគ្រប់អាយុ១៨ឆ្នាំ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក។

ឯកឧត្តមបានបញ្ជាក់ថា គ.ជ.ប នឹងធ្វើការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨ ចាប់ពីថ្ងៃទី១ ដល់ខែ១៨ ខែតុលាខាងមុខនេះ នៅតាមសាលាឃុំសង្កាត់ និងនៅតាមភូមិ មួយចំនួន ដូចជាការស្រង់ និងលុបឈ្មោះចំពោះអ្នកមរណភាព អ្នកត្រូវបានដកសិទ្ធិបោះឆ្នោតបណ្តោះអាសន្ន អ្នកផ្លាស់ប្តូរលំនៅឋាន ការកែតម្រូវឈ្មោះឬទិន្នន័យអ្នកបោះឆ្នោត។

ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរងគ.ជ.ប បានពន្យល់បន្ថែមថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨នាពេលខាងមុខនេះ គឺសំដៅឱ្យបញ្ជីបោះឆ្នោតសម្រាប់អាណត្តិ ក្រោយមានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាពប្រកបដោយសុវត្ថិភាព។

លោក ឡាង ហុង តំណាងអង្គការជនពិការកម្ពុជា បានស្នើឱ្យគ.ជ.ប សម្រួលការងារ និងនីតិវិធី ដើម្បីឱ្យជនពិការទទួលបានឱកាសទៅចុះឈ្មោះបោះឆ្នោតបានគ្រប់ៗគ្នា។

ជាមួយគ្នានេះដែរ លោក តុល ប្រាសាទ អគ្គលេខាធិការរងគណបក្សឆន្ទៈខ្មែរ ក៏បានសុំឱ្យ គ.ជ.ប និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ផ្តល់លទ្ធភាព គ្រប់គ្រាន់ដល់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវគ្រប់អាយុចុះឈ្មោះបោះឆ្នោតនាពេលខាងមុខនេះ ពិសេសការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដើម្បីឱ្យពួកគេងាយទទួលបានការចុះឈ្មោះបោះឆ្នោត។

គួររំឭកថា បញ្ជីបោះឆ្នោត និងបញ្ជីឈ្មោះអ្នកបោះឆ្នោត កាលឆ្នាំ២០១៧នេះ ដែលត្រូវបានប្រើប្រាស់ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កាលពីចុងខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ មានប្រជាពលរដ្ឋជាង៨លាន៣៨ម៉ឺននាក់ ស្មើនឹង៨៣,០២ភាគរយ នៃចំនួនប្រជាពលរដ្ឋសរុប៕