សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបប្រារព្ធ ទិវាពិភពលោកនៃការសង្រ្គោះបឋម

AKP សៀមរាប ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ — ទិវាពិភពលោកនៃការសង្រ្គោះបឋមក្រោមប្រធានបទ «ការសង្រ្គោះបឋមពេល គ្រោះថ្នាក់ចរាចរតាមដងផ្លូវ» ត្រូវបានសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបប្រារព្ធ ឡើងនៅក្នុងវិទ្យាល័យ១០មករា ក្រុងសៀមរាប កាលពីព្រឹកថ្ងៃអង្គារ ៩កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត តំណាង នាយកដ្ឋានសុខភាពកាកបាទក្រហមកម្ពុជា តំណាងក្រុមហ៊ុន អ្នកស្ម័ត្រចិត្ត និងយុវជនកាក បាទក្រហម អាជ្ញាធរក្រុង សង្កាត់ ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណ ជាង៣០០នាក់ចូលរួម។

លោកជំទាវ គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តសៀមរាប ដែលបានអញ្ជើញចូលរួមជាគណៈអធិបតីនៅក្នុងពិធីនោះ បានមានប្រសាសន៍ឱ្យដឹងថា នៅក្នុងជីវិតរស់នៅគឺតែងតែជួបប្រទះគ្រោះថ្នាក់ផ្សេងៗ ពិសេសគ្រោះថ្នាក់ចរាចរណ៍។ ដូច្នេះទិវានេះគឺជាការរំលឹក ប្រមូលផ្តុំកម្លាំងទឹកចិត្តមនុស្សធម៌ ជួយសង្រ្គោះគ្នានៅពេលមានគ្រោះថ្នាក់កើតឡើងមុននឹងបញ្ជូនទៅកាន់មន្ទីរពេទ្យ ព្រ ម ទាំងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានធ្វើចរាចរគ្រប់ប្រភេទនៅតាមដងផ្លូវសាធារណៈ ឱ្យមានស្មារតីលើកកម្ពស់នូវការប្រុងប្រយ័ត្ននិងគោរពច្បាប់ចរាចរណ៍ ព្រមទាំងឱ្យមាន ការយោគយល់គ្នានិងមានសុជីវធម៌ក្នុងការបើកបរ ដើមី្បឆ្ពោះទៅបញ្ឈប់ ឬកាត់បន្ថយនូវកាគ្រោះថ្នាក់។

លោកជំទាវ គួយ ណាលីន បានបន្តឱ្យដឹងទៀតថា សកម្មភាពមនុស្សធម៌ជាចម្បងគេ គឺការសង្រ្គោះបឋមតាមរយៈចលនាអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ធក្រហម ដែលមានវត្ត មាននៅលើភពផែនដីយើងអស់រយៈកាលជាង១៥៩ឆ្នាំហើយមកហើយ ពោលគឺគិតចាប់ តាំងពីលោក ហង់រី ឌុយណង់ ជនជាតិស្វ៊ីស ដែលជាស្ថាបនិកនៃចលនាកាកបាទក្រហម នៅក្នុងសមរភូមិ សុលហ្វេរីណូ ភាគខាងជើងប្រទេសអ៊ីតាលី ក្នុងឆ្នាំ១៨៥៩ ដោយពេលនោះ លោកបានប្រមូលផ្តុំកម្លាំង មនុស្សធម៌របស់អ្នកភូមិជិតៗសមរភូមិ អោយជួយដល់ទាហាន ដែលមានរបួស មានជំងឺ មិនរើសអើងពូជសាសន៍ ដោយហេតុថាសេវាកម្ម ពេទ្យកងទ័ពសម័យនោះពុំទាន់មានគ្រប់គ្រាន់។

លោកជំទាវក៏បានគូសបញ្ជាក់ឱ្យដឹងទៀតថា ទស្សនៈនៃវិជ្ជាសង្រ្គោះបឋមបានផ្លាស់ ប្តូរទាំងស្រុង ស្របតាមការវិវត្តរបស់សកលលោក ហើយវិជ្ជាសង្រ្គោះបឋមនេះ គឺជាចំណេះដឹងមួយសម្រាប់សង្រ្គោះដល់ជនរងគ្រោះ ដែលរងរបួស មានជំងឺ ដោយមូលហេតុផ្សេងៗ មុនពេលគ្រូពេទ្យមកដល់ ឬមុនពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ គួយ ណាលីន ក៏បានឱ្យដឹងផងដែរថា បច្ចុប្បន្នអ្នកស្ម័ត្រចិត្តកាកបាទក្រហមកម្ពុជាខេត្តសៀមរាបមានចំនួន១ ៨១៧នាក់ យុវជនកាក បាទក្រហមមានចំនួន១ ២៦២នាក់ ដែលបាននិងកំពុងអនុវត្តន៍ភារកិច្ចដ៏ឧត្តមនេះ។

គួរបញ្ជាក់ថា នៅក្នុងពិធីទិវាពិភពលោកនៃការសង្រ្គោះបឋមនោះក៏មានការបង្ហាញជូន អំពីផ្នែកខ្លះនៃវិជ្ជាសង្រ្គោះបឋមពីសំណាក់ក្រុមអ្នកស្ម័ត្រចិត្តនិងយុវជនកាកបាទក្រហម ជូនដល់អង្គពិធីទស្សនា និងមានការឧបត្ថម្ភនូវវត្ថុអនុស្សាវរីយ៍ ដល់អ្នកស្ម័ត្រចិត្តនិង ប្រជាជនដែលបានចូលរួមក្នុងម្នាក់ៗសារុង១ ប្រាក់១ម៉ឺនរៀល ហើយក្រុមយុវជន កាកបាទក្រហម និង សិស្សានុសិស្សក្នុងម្នាក់ៗទទួលបានប្រាក់១ម៉ឺនរៀលផងដែរ៕

ដោយ ហង្ស សៀក