ធនាគារជាតិ នៃកម្ពុជា ជំរុញឱ្យស្ថាប័នឯកជន ចូលរួមផ្សព្វផ្សាយពីចំណេះដឹងនៃការ ប្រើប្រាស់ហិរញ្ញវត្ថុ តាមប្រព័ន្ធឌីជីថល

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០១៨ — ធនាគារជាតិ នៃកម្ពុជា ជំរុញឱ្យស្ថាប័នឯកជន ចូលរួមផ្សព្វផ្សាយពីចំណេះដឹងនៃការប្រើ ប្រាស់ហិរញ្ញវត្ថុ តាមរប្រព័ន្ធឌីជីថល តាមរយៈការគាំទ្រឱ្យមានការប្រតិបត្តិការសាច់ប្រាក់ តាមរយៈកម្មវិធីទូរស័ព្ទដៃ។


លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ការជំរុញនេះ ធ្វើឡើងក្នុងគោលបំណង បំផុសឱ្យមានគំនិត គ្រប់គ្រង និងចាយវាយប្រាក់ តាមរយៈប្រព័ន្ធឌីជីថលបែបថ្មី ដែលមានសុវត្ថិភាព ឆាប់រហ័ស និងចំណេញពេលវេលា។ ថ្លែងក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងធនាគារជាតិ និងក្រុមហ៊ុនវីសា ស្ដីពីចំណេះ ដឹងហិរញ្ញវត្ថុ តាមរយៈកម្មវិធីទូរស័ព្ទដៃ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ លោកជំទាវបន្តថា បច្ចុប្បន្ន ប្រជាពលរដ្ឋកម្ពុជា ប្រមាណតែ១៨ភាគរយ ប៉ុណ្ណោះ ដែលបានយល់ដឹងពីអត្ថប្រយោជន៍នៃការធ្វើប្រតិបត្តិហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធ ឌីជីថល ដែលចំនួននេះនៅមានកម្រិតនៅឡើយ ដែលទាមទារឱ្យមានការចូលរួមផ្សព្វ ផ្សាយបន្ថែម ពីស្ថាប័នពាក់ព័ន្ធ ក្នុងនោះ ប្រតិបត្តិករធនាគារ និងហិរញ្ញវត្ថុ គឺជាបុគ្គល សំខាន់។


លោកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងវីសាកាតប្រចាំកម្ពុជា បានលើកឡើងថា តាម រយៈកម្មវិធីនេះ ក្រុមហ៊ុន វីសា ដែលមានការគាំទ្រពីធនាគារជាតិនៃកម្ពុជា នឹងដាក់ឱ្យដំណើរ ការនូវកម្មវិធីឈ្វេងយល់ពីអត្ថប្រយោជន៍ នៃការប្រើប្រាស់ហរិញ្ញវត្ថុ តាមប្រព័ន្ធឌីជីថល ជា ផ្លូវការ ដើម្បីធ្វើយ៉ាងណា ចូលរួមផ្សព្វផ្សាយពីអត្ថប្រយោជន៍នេះ។ លោកស្រីបន្តថា កម្មវិធី ទូរស័ព្ទនេះ នឹងមានជាមេរៀនពន្យល់ពីស្ដីពីការគ្រប់គ្រងហរិញ្ញវត្ថុ ការប្រើប្រាស់ហរិញ្ញវត្ថុ ឱ្យមានប្រសិទ្ធភាព និងការទូតទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថល ផងដែរ៕

ដោយ ម៉ៅ ចរិយា