ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យតែងតាំងមន្រ្តីជាន់ខ្ពស់នគរបាលចំនួនបីរូបជា អគ្គស្នងការរងនគរបាលជាតិ

AKP ​ភ្នំពេញ​ ​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ — សម្តេចអគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ បាន​ចេញ​អនុក្រឹត្យ​ស្តី​ពី​ការ​ផ្ទេរ​ និង​តែងតាំង​មុខ​តំណែង​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​បីរូប ជាអគ្គស្នងការរងនគរបាលជាតិ បន្ថែមលើមុខតំណែងបច្ចុប្បន្ន។​ នេះបើ​យោង​តាម​អនុក្រឹត្យ​ស្តី​ពី​ការ​ផ្ទេរ​ និង​តែងតាំង​មុខ​តំណែង​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨។


​ក្នុងអនុក្រឹត្យនេះ បានសម្រេច​ផ្ទេរ ​និង​តែងតាំង​មុខ​តំណែង​នាយ​នគរបាល​ថ្នាក់ឧត្តម​សេនីយ៍​ចំនួន​៣​រូប ​រួម​មាន​៖ ១-​ លោក​ឧត្តមសេនីយ៍ឯក​ អ៊ិ​ន​ បូ​រ៉ា​ ពី​ប្រធាន​នាយកដ្ឋាន​កណ្តាល​នគរបាល​យុត្តិធម៌​ ទៅ​ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ​។​ ២-​ លោក​ឧត្តមសេនីយ៍ឯក​ ឆាយ​ គឹ​ម​ខឿន​ ពី​ប្រធាន​សេនាធិការ​ទៅ​ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង៣-​លោក​ឧត្តម សេនីយ៍ឯក​ តេ​ង​ សួន​ ពី​ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំ​ដែនទឹក​ ទៅ​ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ​ ៕ដោយ ចាន់ សុធីវង្ស ​