សមាគមកម្ពុជា-ចិន គ្រោងវិនិយោគវិស័យសុខាភិបាល​នៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ — ប្រធានសមាគម អាយ វី អេហ្ស កម្ពុជា-ចិន បានប្រកាសគ្រោងនឹងវិនិយោគវិស័យ សុខាភិបាល​នៅកម្ពុជា ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាកំពុងមានការរីកចម្រើនគួរឱ្យកត់ សម្កាល់។


ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងមហាផ្ទៃ លោក ស្រេង វង្សហៀង ប្រធានសមាគម អាយ វី អេហ្ស កម្ពុជា-ចិន​ បានបញ្ជាក់ថា ដោយ មើលឃើញនូវឱកាសជាច្រើន នៅក្នុងប្រទេសកម្ពុជា នៅលើវិស័យសុខាភិបាលនេះ ទើប សមាគមគ្រោងវិនិយោគវិស័យសុខាភិបាល​នៅកម្ពុជា។ លោកបន្ដថា ទេសចរណ៍សុខាភិ បាលនេះ កំពុងពេញនិយមនៅប្រទេសមួយចំនួនដូចជា ម៉ាឡេស៊ី និងថៃ ជាដើម ហើយ ប្រសិនបើដំណើរការនេះទទួលបានជោគជ័យ នឹងទាក់ទាញអ្នកទេសចរ ព្រមទាំងអ្នកមក ពិនិត្យជំងឺកាន់តែច្រើនឡើង ជាពិសេសប្រជាជនមកពីបណ្ដាប្រទេសក្នុងតំបន់អាស៊ាន និង នៅអាស៊ីផងដែរ។ លោកបានបន្ថែមថា​ សមាគមបង្កើតឡើងក្នុងគោលបំណងផ្ដល់សេវា គាំពារសុខភាពស្ដ្រី។

លោកបានកត់សម្គាល់ឃើញថា ដោយសារតែមើលឃើញនូវឱកាសជាច្រើន នៅក្នុង ប្រទេសកម្ពុជា នៅលើវិស័យសុខាភិបាលនេះ មានដូចជា​ ការរីកចម្រើន កំណើន ផលិតផល ក្នុងស្រុកសរុបរបស់កម្ពុជា ក៏មានភាពល្អប្រសើរ និងកម្ពុជាស្ថិតនៅក្នុងទីតាំង ភូមិសាស្ដ្រ មួយដ៏ល្អ ដែលអាចផ្ដល់នូវកញ្ចប់សេវាកម្មល្អមួយដែលគេហៅថា ទេសចរណ៍សុខាភិបាល ដែលអាចឱ្យអ្នកទេសចរា មកទទួលសេវាសុខាភិបាលនៅកម្ពុជា។


ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង បានគាំទ្រចំពោះគំនិតផ្តួចផ្ដើមរបស់ សមាគម អាយ វី អេហ្ស កម្ពុជា-ចិន ក្នុងការបង្កើតឡើងនូវការផ្ដល់សេវាសុខភាពដល់ស្រ្តី នៅកម្ពុជាតាមរយៈសមាគម។ សម្ដេចក្រឡាហោមបន្ដថា បច្ចុប្បន្នពលរដ្ឋកម្ពុជាពីមួយឆ្នាំទៅ មួយឆ្នាំ បានសម្រុកចេញទៅក្រៅប្រទេសដូចជា ប្រទេសថៃ វៀតណាម សិង្ហបុរី និងប្រទេស មួយចំនួនទៀត ដើម្បីពិនិត្យ និងព្យាបាលជំងឺ។ សម្ដេចក្រឡាហោមលើកឡើងថា ប្រសិនជា គម្រោងរបស់សមាគមចិន ក្នុងការសាងសង់មន្ទីរពេទ្យនៅកម្ពុជាទទួលបានជោគជ័យ នឹង អាចជួយផ្ដល់សេវាកាន់តែកៀកជិតជាមួយប្រជាពលរដ្ឋ និងជួយដល់កំណើនសេដ្ឋកិច្ចរបស់ កម្ពុជាផងដែរ៕

ដោយ ចាន់ សុធីវង្ស