មហោស្រពភាពយន្តកុមារអន្តរជាតិអាស៊ីឆ្នាំ២០១៨ ចាប់ផ្ដើមការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងប្រទេសកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ — ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងប្រទេសកម្ពុជាលើកទី១០ នៃមហោស្រព ភាពយន្ត កុមារអន្តរជាតិអាស៊ីឆ្នាំ២០១៨ បានចាប់ផ្ដើមប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅក្នុងប្រទេស កម្ពុជា ដែលបានប្រព្រឹត្តទៅដោយជោគជ័យ។

ការបើកប្រកួតនេះ គឺបានធ្វើឡើងកាលពី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។ នេះបើ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា ការប្រកួតនេះ ត្រូវបានរៀបចំឡើងដោយស្ថានទូត ជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងមជ្ឈ មណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន។ ជាមួយគ្នានេះ សម្រាប់ប្រធានបទដែលត្រូវបក ស្រាយក្នុងឆ្នាំនេះគឺ ”ទំនួលខុសត្រូវផ្ទាល់ខ្លួន”។ ទន្ទឹមនេះ ក្នុងមហោស្រពភាពយន្ដនេះ គឺមាន ភាពយន្តចំនួន៣៥រឿង ដែលផលិតដោយសិស្សចំនួន១៨វិទ្យាល័យទូទាំងប្រទេសកម្ពុជាបាន ដាក់ពាក្យចូលរួមប្រកួត​ ហើយក្នុងចំណោមនោះមានភាពយន្តចំនួន១២រឿង ត្រូវបានសម្រិត សម្រាំងដើម្បីចាក់បញ្ចាំងក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ។​

ក្នុងសេចក្ដីប្រកាសបានបន្ថែមទៀតថា មហោស្រពភាពយន្តនេះ បានចាប់ផ្តើមនៅ ប្រទេសជប៉ុនតាំងពីឆ្នាំ២០០៧មកម្ល៉េះ ហើយចាប់តាំងពីពេលនោះមក គឺមហោស្រពនេះ បានចាប់ផ្តើមប្រារព្ធឡើងជារៀងរាល់ឆ្នាំ។ ចំណែកសិស្សានុសិស្សកម្ពុជា វិញត្រូវបានអញ្ជើញ ឱ្យចូលរួមក្នុងមហោស្រពនេះតាំងពីឆ្នាំ២០០៩។​ សម្រាប់ឆ្នាំ២០១៨នេះ សិស្ស៣ក្រុមដែល មានចំនួនសរុប៩រូប នឹងត្រូវបានអញ្ជើញទៅកាន់ប្រទេសជប៉ុន ក្រោមកម្មវិធី​JENESYS 2018 ជាមួយសិស្សមកពីបណ្តាប្រទេសអាស៊ានទាំង១០ ព្រមទាំងទីម័រខាងកើត ​ចិន តៃវ៉ាន់ ម៉ុងហ្គោលី កូរ៉េខាងត្បូង និងជប៉ុន។ សិស្សជ័យលាភី៣ក្រុមនេះ នឹងចូលរួមវគ្គផ្តាច់ព្រ័ត្រ នៅទីក្រុងគីតាមិ ខេត្តហុកកៃដូ ប្រទេសជប៉ុន នៅថ្ងៃទី២៤ ខែវិច្ឆិកា​ ឆ្នាំ២០១៨៕

ដោយ អ៊ុន រិទ្ធី