ក្រសួងបរិស្ថាន បង្កើតកម្មវិធីប្រកួតវីដេអូខ្នាតខ្លីស្ដីពីបរិស្ថាន ដើម្បីអភិរក្សជីវះចម្រុះ និងការកាត់បន្ថយការប្រើប្រាស់ថ្លង់ប្លាស្ទិកនៅក្នុងប្រទេសកម្ពុជា

វិទ្យុជាតិកម្ពុជា៖ ដោយ លោក អាត ចន្ធូ៖

ក្រសួងបរិស្ថាន បង្កើតកម្មវិធីប្រកួតវីដេអូខ្លីស្ដីពីការអភិរក្សជីវះចម្រុះ និងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនៅក្នុងប្រទេសកម្ពុជា ដើម្បីលើកស្ទួយឲ្យប្រជាពលរដ្ឋកាន់តែយល់ដឹងខ្ពស់ពីអត្ថប្រយោជន៍នៃជីវះចម្រុះ និងបរិស្ថានក្នុងប្រទេសកម្ពុជាឲ្យកាន់តែល្អប្រសើរឡើង។

ថ្ថ្លែងក្នុងសន្និសិទសារព័ត៌មាន ស្ដីពីកម្មវិធីប្រកួតវីដែអូខ្នាតខ្លីស្ដីពីបរិស្ថាន ពានរង្វាន់អប្សារា ក្រោមប្រធានបទ < អភិរក្សជីវចម្រុះក្នុងប្រទេសកម្ពុជា និងរួមគ្នាចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក> នារសៀលថ្ងៃទី ១៧ ខែកញ្ញា លោកជំទាវ ងិន លីណា អគ្គនាយកនៃអគ្គនាយដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានឲ្យដឹងថាក្រសួងបរិស្ថាន បានសហការជាមួយអគ្គនាយកដ្ឋាន វិទ្យុ និងទូរទស្សន៍អប្សារា បានបង្កើតកម្មវិធីនេះឡើងក្នុងគោលបំណងបញ្ជៀបនូវចំណេះដឹងដល់ប្រជាពលរដ្ឋឲ្យកាន់តែទូលំទូលាយ អំពីអត្ថប្រយោជន៍នៃជីវះចម្រុះ និងចួលរួមការពារបរិស្ថានក្នុងប្រទេសកម្ពុជាតាមរយះការកាត់បន្ថយនូវការប្រើប្រាស់ថង់ប្លាស្ទិក។

លោកជំទាវបានបន្ដថា ការអភិរក្សជីវៈចម្រុះ និងកិច្ចគាំពារបរិស្ថាននៅប្រទេសកម្ពុជា ដែលជាគោល ដៅស្នូលរបស់ក្រសួងបរិស្ថាន និងដើម្បីអប់រំ ផ្សព្វផ្សាយបន្ត ដល់ប្រជាពលរដ្ឋឲ្យផ្លាស់ ប្តូរទម្លាប់បំផ្លាញបរិស្ថាន ងាកមកស្រឡាញ់ និងការពារភពផែនដីវិញ។

សូមបញ្ជាក់ថា សម្រាប់ជ័យលាភីនៅក្នុងកម្មវិធីនេះ មានការបែងចែកជាបីចំណាត់ថ្នាក់ គឺចាប់ពីលេខ១ដល់លេខ៣ ដោយចំណាត់ថ្នាក់លេខ១ ទទួលបានពាន១ លិខិតសរសើរ១ និងទឹកប្រាក់៥.០០០.០០០រៀល ចំណាត់ថ្នាក់លេខ២ ទទួលបានពាន១ លិខិតសរសើរ១ និងទឹកប្រាក់៣.០០០.០០០រៀល ចំណាត់ថ្នាក់លេខ៣ ទទួលបានពាន១ លិខិតសរសើរ១ និងទឹកប្រាក់២.០០០.០០០រៀល និងចំណាត់ថ្នាក់លេខ៤ ទទួលបានពាន១ លិខិតសរសើរ១ និងទឹកប្រាក់១.០០០.០០០រៀល។