រដ្ឋមន្ត្រីក្រសួងព័ត៌មានស្នើរឲ្យគ្រប់ប្រពន្ធ័ផ្សព្វផ្សាយបញ្ឈប់ការចាក់ផ្សាយបទចម្រៀង «សល់តែចិត្តស្មោះ»របស់ផលិតកម្មខ្មែរអមតៈ

ដោយ លោក ចន ណារិទ្ធ៖

ក្រសួងព័ត៌មាន បានសម្រេច ឲ្យប្រពន្ធ័ផ្សេព្វផ្សាយទាំងអស់ បញ្ឈប់ការផ្សាយបទចម្រៀងមួយ មានចំណងជើងថា«សល់តែចិត្តស្មោះ» របស់ផលិតកម្មខ្មែរអមតៈដែលច្រៀងដោយអ្នកស្រីកែវ ច័ន្ទ សម្ជស្ស ។

ការប្រកាសឲ្យបញ្ឈប់ការចាក់ផ្សាយរបស់ក្រសួងព័ត៌មានបែបនេះ បន្ទាប់ពី ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានស្នើសុំទៅក្រសួងព័ត៌មាន ដោយអះអាងថា ធ្វើឲ្យប៉ះពាល់ដល់អ្នកបំរើការងារតាមផ្ទះ ។

យោងតាមលិខិតរបស់ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានឲ្យដឹងថា ក្នុងនាមជាអ្នកគ្រប់គ្រងកម្មករ ពលករ បានស្នើមកកាន់រដ្ឋមន្រ្តីក្រសួង ព័ត៌មាន និងរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់វិធានការផ្អាកការប្រើប្រាស់ និងផ្សព្វ ផ្សាយបទចម្រៀង «សល់តែចិត្តស្មោះ»។ អត្ថន័យនៃបទចម្រៀងនេះ អាចត្រូវតាមស្ថានភាពកម្ពុជា នាមួយទសវត្សរ៍កន្លងទៅ ប៉ុន្តែសម្រាប់បច្ចុប្បន្នអត្ថន័យនៃបទនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ ត ម្លៃការងាររបស់អ្នកបំរើការងារ តាមផ្ទះដែលច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព អនុសញ្ញា អ ន្តរជាតិខាងការងារ បានធានាសិទ្ធិ និងលើកកម្ពស់ការគាំពារ ជាពិសេសអ្វីដែលប្រមុខ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងផ្តោតការយកចិត្តទុកដាក់ និងផ្តល់កិច្ចគាំពារដល់ពួកគាត់ ដែលបំរើ ការងារតាមផ្ទះ ។

ចំណែកលិខិត របស់ ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចុះថ្ងៃទី១៧ កញ្ញានេះ បានឲ្យដឹងថា ដើម្បីជៀសវាងប៉ះពាល់ដល់អារម្មណ៍ និងតម្លៃរបស់បងប្អូន អ្នកបំរើការងារតាមផ្ទះ ដែលប្រមុខរាជរដ្ឋាភិបាល បាន និងកំពុងផ្តោតការយកចិត្តទុកដាក់ និងផ្តល់កិច្ចគាំពារដល់ពួកគាត់ ព្រមទាំង ត្រូវបានគាំពារដោយច្បាប់រដ្ឋនោះ ក្រសួងព័ត៌មាន សូមឲ្យឯកឧត្តម លោកជំទាវ លោក លោកស្រី ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ បញ្ឈប់ការចាក់ផ្សាយបទចម្រៀង សល់តែចិត្តស្មោះ៕