ទីក្រុងហាណូយបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាខេត្តរបស់ប៊ុលហ្គារី

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ — កាលពីថ្ងៃទី១៧ ខែកញ្ញា ក្នុងអំឡុងពេលពិធីទទួលស្វាគមន៍រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចប៊ុលហ្គារី លោក Emil Karanikolov អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen- Van Suu បានសង្កត់ធ្ងន់ថា ការជំរុញកិច្ចសហប្រតិបត្តិការ និងការវិនិយោគទុនជាមួយបណ្តាខេត្តរបស់ ប៊ុលហ្គារី គឺជាភារកិច្ចសំខាន់សម្រាប់ទីក្រុងនេះ។

នៅក្នុងជំនួបនោះ រដ្ឋមន្ត្រីរបស់ប៊ុលហ្គារីរូបនេះបាននិយាយថា ប្រទេសរបស់លោកដែលបច្ចុប្បន្នជាប្រធានប្តូរវេននៃសហភាពអឺរ៉ុប នឹងខិតខំប្រឹងប្រែងជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងប៊្រុយណេ។

លោកបានថ្លែងថា រដ្ឋាភិបាលប៊ុលហ្គារីនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីបង្កើនកិច្ចសហ-ប្រតិបត្តិការទ្វេភាគីជាមួយវៀតណាម និងជួយបង្កើតលក្ខខណ្ឌសម្រាប់ក្រុមហ៊ុនវៀតណាមដើម្បីឈានចូលទីផ្សារប្រទេសប៊ុលហ្គារី និងនាំយកទំនិញរបស់ខ្លួនទៅទីផ្សារសហភាពអឺរ៉ុបដែលមានប្រជាជនចំនួន ៥០០លាននាក់។
មន្ត្រីរូបនេះបាននិយាយថា ប្រទេសរបស់លោកបានចំណាយប្រាក់យ៉ាងច្រើនទៅលើការកសាងសួនឧស្សាហកម្មមួយចំនួននៅជុំវិញទីក្រុង Sofia ហើយសង្ឃឹមថា ទីក្រុងហាណូយអាចនឹងធ្វើការវិនិយោគមួយចំនួននៅក្នុងសួនឧស្សាហកម្មទាំងនេះ។

លោកក៏បានអំពាវនាវឱ្យមានការបង្កើនការចូលរួមរបស់ទីក្រុងប្រទេសវៀតណាមមួយនេះ ជាមួយបណ្តាទីក្រុង និងខេត្តរបស់ប៊ុលហ្គារី ក្នុងវិស័យសុខាភិបាល ដឹកជញ្ជូន ការអប់រំ និងពាណិជ្ជកម្ម។
ដោយយល់ស្របជាមួយភ្ញៀវរបស់លោក លោក Suu បាននិយាយថា ទីក្រុងហាណូយកំពុងប្រឈមនឹងការលំបាកនានា ជាពិសេសក្នុងវិស័យដឹកជញ្ជូន និងសំណង់ ក្នុងអំឡុងពេលនៃកិច្ចអភិវឌ្ឍន៍ដ៏ឆាប់រហ័សរបស់ខ្លួននាពេលបច្ចុប្បន្ននេះ។

លោកបាននិយាយបន្ថែមថា ទីក្រុងហាណូយកំពុងទន្ទឹងរង់ចាំកិច្ចសហការជាមួយរដ្ឋធានីប៊ុលហ្គារីក្នុងវិស័យជាច្រើន ដូចជាវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងការនាំចេញ។
មន្ត្រីរូបនេះបានកត់សម្គាល់ថា មានក្រុមហ៊ុនប្រមាណ ២៥ នៅទីក្រុងហាណូយ បានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយភាគីប៊ុលហ្គារី៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)