ទីភ្នាក់ងារសវនកម្មជាតិវៀតណាម និងម៉ាឡេស៊ីបង្កើនកិច្ចសហប្រតិបត្តិការ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨​ — អគ្គសវនករវៀតណាម លោក Ho Duc Phoc បានជួបប្រជុំជាមួយសមភាគីម៉ាឡេស៊ី លោកស្រី Madinal Binti Mohamad ដែលទៅចូលរួមមហាសន្និបាតវិទ្យាស្ថានសវនកម្មកំពូលនៃស្ថាប័នអាស៊ាន (ASOSIA) លើកទី ១៤ នៅប្រទេសវៀតណាម ។

លោក Phoc បាននិយាយថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ភាពជាដៃគូរវាងទីភ្នាក់ងារទាំងពីរត្រូវបានជំរុញដោយសកម្មភាពសហប្រតិបត្តិការជាច្រើន ដើម្បីចែករំលែកបទពិសោធន៍វិជ្ជាជីវៈ។ ចាប់ពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១២ សវនកម្មជាតិវៀតណាម (SAV) បានបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ចំនួនបីក្រុមទៅប្រទេសម៉ាឡេស៊ីដើម្បីសិក្សាអំពីស្តង់ដារសវនកម្ម និងបច្ចេកទេស ក៏ដូចជាការអនុវត្ត បច្ចេកវិទ្យាព័ត៌មានវិទ្យាក្នុងសកម្មភាពវិជ្ជាជីវៈ និងបណ្តុះបណ្តាលបុគ្គលិក។

នៅក្នុងក្របខ័ណ្ឌនៃស្ថាប័នសវនកម្មកំពូលអាស៊ាន ( ASEANSAI ) នាយកដ្ឋានសវនកម្មជាតិនៃប្រទេសម៉ាឡេស៊ីបានគាំទ្រដល់ SAV ក្នុងការបង្កើតការត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការយុទ្ធ សាស្ត្ររបស់ ASEANSAI។ ជារៀងរាល់ឆ្នាំ នាយកដ្ឋាននេះបានជួយបណ្តុះបណ្តាលមន្រ្តី SAV ជាមួយនឹងកម្មវិធីកិច្ចសហ-ប្រតិបត្តិការបច្ចេកទេសរបស់ខ្លួនដែលត្រូវបានផ្តល់មូលនិធិដោយរដ្ឋាភិបាលម៉ាឡេស៊ី។

ចាប់តាំងពីឆ្នាំ ២០០៨ មក SAV បានបញ្ជូនមន្រ្តីចំនួន ១៥នាក់ទៅចូលរួមវគ្គសិក្សាសវនកម្មនៅប្រទេសម៉ាឡេស៊ី។ លោក Phoc បានលើកសរសើរអំពីជំនួយរបស់នាយកដ្ឋានសវនកម្មជាតិម៉ាឡេស៊ីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយលោកបានបញ្ជាក់ថា មន្រ្តីទាំងអស់ដែលបានទទួលការបណ្តុះបណ្តាលនៅម៉ាឡេស៊ី បានទទួលចំណេះដឹងដ៏មានប្រយោជន៍ និងបានបង្ហាញពីការវិលត្រឡប់ដ៏រឹងមាំដែលជួយបង្កើនប្រសិទ្ធភាពការងាររ​បស់ SAV ។

សម្រាប់ភាគីម៉ាឡេស៊ី លោកស្រី Madinah Binti Mohamad បាននិយាយថា នាយកដ្ឋានសវនកម្មជាតិម៉ាឡេស៊ីមានសក្តានុពលក្នុងការបណ្តុះបណ្តាល។ បណ្ឌិតសភាសវនកម្មជាតិម៉ាឡេស៊ីត្រូវបានបង្កើតឡើងនៅខែវិច្ឆិកា ឆ្នាំ ២០០៥ ហើយបានរៀបចំវគ្គសិក្សាមួយ ឬពីរ សម្រាប់សិក្ខាកាមអន្តរជាតិជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០០៧ ដែលភាគច្រើនបណ្តុះបណ្តាលផ្នែកប្រតិបត្តិការ និងបច្ចេកវិទ្យាព័ត៌មានសវន កម្ម៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)