អង្គការ WCS រកឃើញត្រដក់តូច ៦សំបុកជាលើកដំបូងនៅដែនជម្រកសត្វព្រៃកែវសីមា

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០១៨ –នៅថ្ងៃអង្គារ ៩កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រុមស្រាវជ្រាវ និងត្រួតពិនិត្យតាមដានសត្វព្រៃប្រចាំដែនជម្រកសត្វព្រៃកែវសីមារបស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានបង្ហាញពីការរកឃើញសំបុកសត្វត្រដក់តូចចំនួន ៦សំបុកបាន និង កំពុងបង្កកំណើតនៅភាគខាងជើងក្នុងតំបន់ដែនជម្រកសត្វព្រៃកែវសីមា ក្នុងខេត្តមណ្ឌលគិរី។ ការរកឃើញនេះកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ កន្លងមក នេះជាលើកដំបូងហើយដែលក្រុមការងាររកឃើញសំបុករបស់វានៅទីនោះ ។

ត្រដក់តូចគឺជាសត្វស្លាបមាឌធំ មានកម្ពស់រហូតដល់ ១៣០សង់ទីម៉ែត្រ ហើយស្លាបរបស់វាទាំងសងខាងមានប្រវែងជាង២ម៉ែត្រ។ ទោះបីជាចំនួនសត្វត្រដក់តូចនៅលើសកលលោកមានប្រមាណជាង ១ម៉ឺនក្បាលក៏ដោយ ក៏ចំនួននេះកំពុងតែមានការធ្លាក់ចុះយ៉ាងខ្លាំងនៅតំបន់អាស៊ី និងភាគខាងកើតនៃឧបទ្វីបឥណ្ឌា។ ដូច្នេះហើយវាត្រូវបានគេចាត់ជាប្រភេទងាយរងគ្រោះជាសកលនៅលើបញ្ជីក្រហមរបស់អង្គការ IUCN

សត្វត្រដក់តូចចូលចិត្តធ្វើសំបុកពងកូនជាបណ្ដុំជិតៗគ្នានៅលើដើមឈើខ្ពស់ៗ ដែលជាប្រភេទព្រៃល្បោះ និងព្រៃស្រោង នៅតំបន់ខ្ពង់រាបភាគខាងជើងប្រទេសកម្ពុជាក្នុងខេត្តព្រះវិហារគឺជាទីជម្រកពងកូនដ៏សំខាន់បំផុតរបស់ហ្វូងសត្វទាំងនេះ ។

លោក សូត្រ វ៉ាន់ឌឿន អ្នកសម្របសម្រួលផ្នែកស្រាវជ្រាវ និងត្រួតពិនិត្យតាមដានសត្វព្រៃរបស់អង្គការ WCS បានឱ្យដឹងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះថា “ដែនជម្រកសត្វព្រៃកែវសីមាក៏ជាទីជម្រកដ៏មានសារៈសំខាន់មួយបន្ថែមទៀតសម្រាប់សត្វត្រដក់តូចក្នុងការរស់នៅនិងបង្កកំណើត ពីព្រោះជាតំបន់សម្បូរទៅដោយប្រភេទព្រៃល្បោះ ព្រៃស្រោង វាលស្មៅ ត្រពាំង អូរ និងចំណីអាហារដែលវាចូលចិត្តដូចជា ត្រី កង្កែប ពពួកល្មូន ក្តាម ខ្យង និងពពួកសត្វល្អិត។ បច្ចុប្បន្ននេះសកម្មភាពកាប់ទន្រ្ទានព្រៃឈើបានបង្កជាការគំរាមកំហែង និងប៉ះពាល់យ៉ាងខ្លាំងដល់ជម្រក សំបុកពងកូនរបស់ត្រដក់តូ ចជាពិសេសនៅរដូវពងកូន។ ដូច្នេះការការពារទីជម្រកពងកូនរបស់ពួកវាពិតជាចាំបាច់ខ្លាំងណាស់ដើម្បីធានាដល់ការរស់រាននៃប្រភេទសត្វកម្រមួយនេះ

ក្រុមស្រាវជ្រាវនិងត្រួតពិនិត្យតាមដានរបស់អង្គការ WCS នឹងបន្តស្វែងរកសំបុកត្រដក់តូច ដែលកំពុង ធ្វើការរួមគ្នាជាមួយសមាជិកសហគមន៍ ជាពិសេសមន្ទីរបរិស្ថានខេត្តមណ្ឌល គិរី និង ភាគីពាក់ព័ន្ធដទៃទៀត ដើម្បីការពារសំបុក និង ទីតាំងពងកូនរបស់ពួកវា ដូច្នេះសូមចូលរួមការពារសត្វព្រៃនៅកម្ពុជាដោយបញ្ឈប់ការបរបាញ់ ការបំពុល ឬបរិភោគសាច់សត្វ    ព្រៃគ្រប់ប្រភេទ

ដោយណយ នឿន(ប្រភពៈ WCS)