ក្រុមគ្រូពេទ្យអ៊ិស្លាមកម្ពុជាផ្ដល់សេវាធ្វើអនាម័យដល់កុមារាខ្មែរអ៊ិស្លាម

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ –ក្រុមគ្រូពេទ្យអ៊ិស្លាមកម្ពុជា បានចុះផ្ដល់សេវាធ្វើអនាម័យដល់កុមារាខ្មែរអ៊ិស្លាមហៅថា ខតាន់ នៅភូមិចាម ក្រោមឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ចំនួនជាង១០០នាក់ដោយឥតគិតថ្លៃ កាលពីរសៀលថ្ងៃចន្ទ ៨កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ។  

      កម្មវិធីផ្ដល់សេវាអនាម័យជូនកុមារា ឬហៅថាខតាន់នេះ ត្រូវបានសហការចូលរួមជួយគាំទ្រពីសមាគមសប្បុរសធម៌ ឌូបៃ ប្រទេសអារ៉ាប់រួមអេមីរ៉ាត់ ដោយមានការចូលរួមពីឯកឧត្ដមវេជ្ជបណ្ឌិត សុះ មុះសិន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង ជាប្រធានសមាគមគ្រូពេទ្យអ៊ិស្លាមកម្ពុជា ឯកឧត្ដមវេជ្ជបណ្ឌិត ាន់ សាប់អ៊ី រដ្ឋលេខាធិការក្រសួងសុខាភិបាល និង ជាអនុប្រធានសមាគមគ្រូពេទ្យអ៊ិស្លាមកម្ពុជា ឯកឧត្ដមពាស មុស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានសមាគមគ្រូពេទ្យអ៊ិស្លាមកម្ពុជា ។

      ឯកឧត្ដម វេជ្ជបណ្ឌិតសុះ មុះ សិន មានប្រសាសន៍ថា សាសនិកខ្មែរអ៊ិស្លាមជាបុរសទាំងអស់ គឺត្រូវតែធ្វើអនាម័យ ឬ ហៅថាខតាន់។ នៅពេលមានអាយុចាប់ពី៧ឆ្នាំឡើងទៅទើបអាចចូលថ្វាយបង្គំក្នុងវិហារបាន ហើយនេះក៏ជាការធ្វើអនាម័យក្នុងការបង្ការជំងឺឆ្លងកាមរោគផងដែរ ។

    ឯកឧត្ដមបានបន្តថា កាលពីជំនាន់មុនៗ ការធ្វើអនាម័យនេះ គឺបានធ្វើតាមក្បួនវេជ្ជសាស្ត្រនោះទេ គឺធ្វើទៅតាមការយល់ដឹងរបស់មនុស្សចាស់ក្នុងភូមិដែលគាត់មានបទពិសោធន៍ ហើយការធ្វើនោះមិនប្រើប្រាស់ថ្នាំស្ពឹក និងមិនបានដេរដោយចេសដែលរលាយនោះទេ តែនៅបច្ចុប្បន្ននេះមានក្រុមគ្រូពេទ្យវេជ្ជបណ្ឌិតចុះមកធ្វើអនាម័យឱ្យដោយផ្ទាល់ មានថ្នាំស្ពឹកចាក់មិនឱ្យឈឺនៅពេលធ្វើការវះកាត់ហើយដេរ ដោយចេសរលាយ មិនចាំបាច់កាត់ចេសនោះចេញទេ និងដោយឥតគិតថ្លៃ

  ឯកឧត្ដម សុះ មុះសិន បានណែនាំដល់មាតាបីតា និង អាណាព្យាបាល ដែលបាននាំកូនចៅមកធ្វើអនាម័យនាពេលនេះ ត្រូវមើលថែទាំពួកគេឱ្យបានល្អ ឱ្យកូនៗ លេបថ្នាំដែលក្រុមគ្រេទ្យឱ្យទៅតាមការកំណត់របស់វេជ្ជបញ្ជា បើមានការក្តៅខ្លួនបន្តិចបន្តួច ជារឿងធម្មតា

      ឯកឧត្ដម សុះ មុះសិន ក៏បានអញ្ជើញពិនិត្យដីសម្រាប់សាងសង់ផ្ទះ នឹងបានប្រកាសជួយសាងសង់ផ្ទះជូនគ្រួសារ លោកហ្សេន ក្រីយ៉ា អាយុ៤៥ឆ្នាំ ប្រពន្ធឈ្មោះហាក ពីពះ អាយុ៣៥ ឆ្នាំមានកូនចំនួន៣នាក់ ក្នុងបន្ទុកដែលពុំមានលំនៅឋានសម្រាប់ស្នាក់នៅ ដោយសព្វថ្ងៃរស់នៅលើទូកស្ថិតក្នុងភូមិចាមក្រោម ស្រុកកោះធំ ខេត្តកណ្តាល ។ ផ្ទះដែលត្រូវសាងសង់ជូនគ្រួសារលោកហ្សេន ក្រីយ៉ានេះ មានទំហំ៥ម៉ែត្រ គុណនឹង៧ម៉ែត្រ សង់អំពីឈើប្រកស័ង្កសី ដោយចំណាយថវិកាចំនួន.៥០០ដុល្លារអាម៉េរិក 

 ដោយ សួស សំរិត