កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហេដ្ឋារចនាសម្ព័ន្ធអាស៊ាន-កូរ៉េ លើកទី១

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ –ប្រភពពីក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា កាលពីថ្ងៃចន្ទ ៨កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហេដ្ឋារចនាសម្ព័ន្ធអាស៊ាន-កូរ៉េ លើកទី១ ដែលដឹកនាំដោយលោកជំទាវ Kim Hyun Mee រដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៃសាធារណរដ្ឋកូរ៉េ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។

នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា កិច្ចប្រជុំនេះនឹងជំរុញកិច្ចសហប្រតិបត្តិការ កាន់តែរឹងមាំថែមទៀតក្នុងការអភិវឌ្ឍហេដ្ឋារចនា     សម្ព័ន្ធរវាងបណ្តាប្រទេសអាស៊ាន និងសាធារណរដ្ឋកូរ៉េ និងបានគូសបញ្ជាក់អំពីសមិទ្ធផលនានាដែលកម្ពុជាសម្រេចបានបន្ថែមទៀតនាពេលថ្មីៗនេះ ក្នុងការអនុវត្តគំនិតផ្តួចផ្តើមស្តីពី “ទីក្រុងឆ្លាត” និង “ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព” ក្នុងដំណាក់កាលអន្តរកាលពីបដិវត្តន៍ឧស្សាហកម្មទី៣ ទៅកាន់បដិវត្តន៍ឧស្សាហកម្មទី៤។

ជាមួយគ្នានេះដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ផងដែរ អំពីការកសាង និងការអភិវឌ្ឍបណ្តាញផ្លូវថ្នល់ប្រកបដោយប្រសិទ្ធភាព កំពង់ផែទឹកសាប កំពង់ផែទឹកជ្រៅ ព្រលានយន្តហោះ ផ្លូវដែក តភ្ជាប់ពីរាជធានីភ្នំពេញជាមួយប្រព័ន្ធផ្លូវដែករបស់ប្រទេសថៃ និងកំពង់ផែសមុទ្រទឹកជ្រៅ។ ទន្ទឹមនឹងនេះ ឯកឧត្ដមទេសរដ្ឋមន្ត្រីក៏បានជម្រាបជូនកិច្ចប្រជុំ អំពីគម្រោងអភិវឌ្ឍន៍នានា ដែលក្នុងនោះរួមមាន៖ គម្រោងសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅកាន់កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ និងគម្រោងសាងសង់កំពង់ផែកុងតឺន័រថ្មីជម្រៅ១៤,៥ម៉ែត្រ ដែលស្របតាមចក្ខុវិស័យនៃការពង្រីកការតភ្ជាប់ផ្លូវហាយវេអាស៊ី តភ្ជាប់ពី ប្រទេសថៃ មករាជធានីភ្នំពេញ និងផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥។ លើសពីនេះទៀត ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ផងដែរ អំពីការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា ក្នុងអត្រាកំណើនប្រចាំឆ្នាំ ស្ថិតក្នុងរង្វង់ ភាគរយ ក្រោមម្លប់សន្តិភាពនិងស្ថិរភាពនយោបាយរបស់ប្រទេស និងលើកកម្ពស់ប្រទេសកម្ពុជា ពីប្រទេសដែលមានប្រាក់ចំណូលទាបទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យម។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ការគាំទ្រ ក្នុងការធ្វើឱ្យប្រសើរឡើងដល់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា និងបានរួមចំណែកដល់ការអភិវឌ្ឍផែនការមេសម្រាប់វិស័យដឹកជញ្ជូនតាមផ្លូវទឹក បណ្តាញផ្លូវដែក និងសុវត្ថិភាពចរាចរណ៍ផ្លូវគោកផងដែរ៕

ដោយ ទេស ច័ន្ទសុធារី