សម្ដេចតេជោនាយករដ្ឋមន្ត្រីអះអាងពីការប្រឹងប្រែងទ្វេដងក្នុងការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋក្នុងអាណត្តិទី៦

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ –ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអះអាងពីការខិតខំប្រឹងប្រែងទ្វេដង ក្នុងការផ្ដល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ នៅក្នុងអាណត្តិ ទី៦នៃរាជរដ្ឋាភិបាលថ្មីឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្លាំងជាងមុន។

នៅលើបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក នៅថ្ងៃអង្គារ ៩កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសរសេរថា អរគុណបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយទាំងក្នុង និងក្រៅប្រទេសដែលបាន ផ្ញើសារមកកាន់ខ្ញុំក្នុងហ្វេសប៊ុក ដែលមានសារខ្លះជាសារជូនពរ និងសារខ្លះអំពី​​សុខទុក្ខផ្ទាល់ របស់បងប្អូនកូនក្មួយ។ ក្នុងទំនាក់ទំនងជាប្រចាំរបស់បងប្អូន និងកូនក្មួយគឺបានង្ហាញច្បាស់ ពីមនោសញ្ចេតនា និងការគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតដែលបានលើកទឹកចិត្តដល់ខ្ញុំ។ ពិតណាស់សេចក្តីសុខរបស់បងប្អូនគឺជាសុខទុក្ខផ្ទាល់របស់ខ្ញុំ។ នៅក្នុងអាណត្តិនៃរាជរដ្ឋា ភិបាលថ្មី (២០១៨-២០២៣) គឺយើងនឹងខិតខំប្រឹងប្រែងទ្វេដង ក្នុងការផ្តល់ជូននូ​វ​សេវា​សាធា រណៈដល់បងប្អូនប្រជាពលរដ្ឋឱ្យ​បានកាន់តែឆាប់រហ័សនិងមានប្រសិទ្ធភាពខ្លាំងជាមុន។ អរគុណបងប្អូនដែលបានចូលរួមថែរក្សាសន្តិភាពសម្រាប់ប្រទេសជាតិយើង។

សូមជូនពរបងប្អូនជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕

ដោយ ជឹម ណារី