អាជ្ញាធរភ្នំពេញ ប្រកាសបិទកំណាត់ផ្លូវជាតិលេខ៦មួយចំហៀងខាងលិច ដើម្បីធ្វើការជួសជុល ដោយតម្រូវឲ្យវាងតាមផ្លូវក្នុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការងារជួសជុល កំណាត់ផ្លូវជាតិលេខ៦ ចំហៀងខាងលិច ចាប់ពីមុខសណ្ឋាគារណាសាតូ ដល់មុខវត្តព្រែកលាប ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយត្រូវផ្អាកការធ្វើដំណើរ លើផ្លូវនេះជាបណ្តោះអាសន្ន រហូតការជួសជុល ត្រូវបានបញ្ចប់ ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៨ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការងារជួសជុល ចាក់បេតុឆ្អឹងដែក នៅលើកំណាត់ផ្លូវជាតិលេខ៦ ចំហៀងខាងលិច ចាប់ពីមុខសណ្ឋាគារណាសាតូ ដល់មុខវត្តព្រែលាប ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ដើម្បីឲ្យដំណើរការងារ ជួសជុលខាងលើ បានប្រព្រឹត្តិទៅ តាមប្រតិទិនការងារ ដែលបានគ្រោងទុក និងជៀងវាង ការកកស្ទះចរាចរណ៍ នៅតំបន់ជុំវិញនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបិទចរាចរឆ្លងកាត់ កំណាត់ផ្លូវនេះ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះតទៅ រហូតដល់បញ្ចប់ការដ្ឋាន ។

សេចក្តីជូនដំណឹង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់កាធ្វើដំណើរ ឆ្លងកាត់ទីតាំងគម្រោងជួសជុលផ្លូវនេះ ដោយតម្រូវឲ្យអ្នកធ្វើដំណើរ បង្វែរទៅធ្វើដំណើរ តាមផ្លូវតំបន់អភិវឌ្ឍន៍ OCIC វិញ រហូតការដ្ឋានជួសជុលបញ្ចប់ នឹងបើកឲ្យធ្វើដំណើរជាធម្មតាវិញ ៕