វិសាខា ឈ្នះនគរបាល ៤-១ ជំនួបសប្តាហ៍ទី២០ក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០១៨

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ — ក្រុមវិសាខារកបានយកឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយលទ្ធផល ៤-១ សម្រាប់ការប្រកួតសន្សំពិន្ទុសប្តាហ៍ទី២០ ក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០១៨។


នៅវគ្គទី១ ក្រុមទាំងពីររក្សាលទ្ធផលគ្នា ០-០ ប៉ុន្តែនៅវគ្គទី២ ក្រុមវិសាខាធ្វើសម្រេចបាន៤ គ្រាប់ ដោយរកបានដោយ កីឡាករ កែវ សុខផេង, ងយ ស្រ៊ីន, Myong Ho Cheo និងកីឡាករ Song Chol ខណៈ១គ្រាប់របស់ក្រុមនគរបាលជាតិរកបានដោយកីឡាករ នួន បូរី។ កាលពីប្រកួតនៅជើងទី១ ក្រុមវិសាខាប្រកួតចាញ់ អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយលទ្ធផល ១ទល់៣។

ដោយឡែក៥ប្រកួតផ្សេងទៀត នាសប្តាហ៍ទី២០នេះដែរ គឺក្រុមណាហ្គាវើលបន្តឈ្នះក្រសួង ការពារជាតិ ទាំងក្នុងដី និងក្រៅដី ដោយលទ្ធផល២ទល់០ ស្របពេលដែលព្រះខ័នរាជ ស្វាយរៀងយកឈ្នះក្រុមសូលទីឡូ អង្គរ ៥-២ ខណៈក្រុមបាតតារាង វេស្ទើនភ្នំពេញបន្តចាញ់ ក្រុមអង្គរថាយហ្គឺរ១ទល់៣ ហើយក្រុមអាស៊ីអឺរ៉ុប ឈ្នះភ្នំពេញក្រោន ៣ទល់២ ខណៈក្រុមបឹង កេតយកឈ្នះក្រុមអគ្គិសនីកម្ពុជា ៥-០។ 
ជាមួយគ្នានេះ តារាងបណ្តោះអាសន្ន ៣ក្រុមដែលមានឱកាសប្រជែងម្ចាស់ដំណែង ជើងឯកលីគកំពូលកម្ពុជា រដូវកាលនេះ គឺក្រុមណាហ្គាវើល ឈរនៅលេខ១ ដោយមាន ៥០ពិន្ទ, បឹងកេង លេខ២ មាន២៨ពិន្ទុ និងវិសាខា មាន៤៥ពិន្ទុ។ ការប្រកួតនេះនៅសល់ តែ២ ប្រកួតទៀតប៉ុណ្ណោះ ក្នុង១ក្រុមៗនឹងត្រូវបញ្ចប់ជាស្ថាពរហើយ ស្របពេលដែលក្រុមបាត តារាងវេស្ទើនភ្នំពេញត្រូវធ្លាក់ចេញពីលីគកំពូលដោយស្វ័យប្រវត្តិ ដោយ២០ប្រកួតស្មើ១ ប្រកួត និងចាញ់រហូតដល់១៩ប្រកួត មិនធ្លាប់ស្គាល់រសជាតិឈ្នះនៅឡើយទេ៕

ដោយ ហេង ណាលីន