ក្រសួងបរិស្ថានពង្រឹងលើការគ្រប់គ្រងតម្លៃកម្រងសេវាសាធារណៈ ដើម្បីប្រសិទ្ធភាពការងារគ្រប់គ្រងបរិស្ថាននៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ — នៅទីស្តីការក្រសួង នាព្រឹកថ្ងៃចន្ទ ៨កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបាន
ដឹកនាំកិច្ចប្រជុំស្តីពី ការរៀបចំតម្លៃកម្រងសេវាសាធារណៈរបស់ក្រសួងឡើងវិញ។

នៅក្នុងអត្ថបទព័ត៌មានដែលចេញផ្សាយដោយក្រសួងបរិស្ថានបានឱ្យដឹងថា កិច្ចប្រជុំ ស្តីពីការរៀបចំតម្លៃកម្រងសេវាសាធារណៈរបស់ក្រសួងបរិស្ថានឡើងវិញ នេះមានការចូល រួមពីថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាន នាយកដ្ឋានមន្រ្តីពាក់ព័ន្ធចំណុះក្រសួងបរិស្ថាន ដើម្បីគ្រប់ គ្រង និងកំណត់គម្រោងសេវាថ្មី កំណត់តម្លៃប្រភេទសេវា និងចំណូលរបស់ក្រសួងបរិស្ថាន។ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងបរិស្ថាន បានជំរុញដល់អគ្គនាយកដ្ឋានពាក់ព័ន្ធ កំណត់ ប្រភេទ ចំណូលឱ្យបានច្បាស់លាស់ដើម្បីគ្រប់គ្រងតម្លៃសេវាដែលជាផ្នែកមួយសំខាន់ចូលរួមលើការគ្រប់គ្រងវិស័យបរិស្ថានបានល្អប្រសើរ។

ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ បានណែនាំដល់មន្រ្តីទាំងអស់ត្រូវអនុវត្តន៍ តាមបែបរដ្ឋបាលទំនើប និងត្រូវអនុវត្តន៍នៅតួនាទីភារកិច្ចរបស់ខ្លួន ទៅតាមជំនាញ ក៏ដូចជា ចូលរួមគិតគូរ ក្នុងការចូលរួមលើកកម្ពស់កិច្ចគាំពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ឱ្យមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានដាក់ឱ្យអនុវត្តន៍គម្រោងសេវាថ្មីៗមួយចំនួនគឺមានការ ពាក់ព័ន្ធកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការគ្រប់គ្រង តំបន់ការពារធម្មជាតិ ដូចជាការគ្រប់គ្រងសំរាម សំណល់រឹង បរិក្ខារបច្ចេកទេស និងអេឡិត្រូនិច ថង់ប្លាស្ទិក និងការគ្រប់គ្រងប្រព័ន្ធលូ ប្រពឹ្រត្តកម្មទឹកកខ្វក់ជាដើម។

ជាមួយគ្នានេះ គ្រប់បណ្តាអង្គភាព ដែលពាក់ព័ន្ធទៅនឹងការរកចំណូលថវិការបស់ ក្រសួងបរិស្ថាន ត្រូវធ្វើបច្ចុប្បន្នភាពអំពីប្រភេទសេវាថ្មី និងកំណត់តម្លៃសាធារណៈរបស់ខ្លួន ឡើងវិញ ដោយធ្វើការគិតគូរគ្រប់ជ្រុងជ្រោយតាមលំដាប់ថ្នាក់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោម ជាតិធ្វើយ៉ាងណាឱ្យការគ្រប់គ្រងវិស័យបរិស្ថានមានប្រសិទ្ធភាព៕

ដោយ ពេជ្រ ណារិទ្ធ