អាជ្ញាធរភ្នំពេញ ដាក់ភ្លើងបំភ្លឺនៅពេលយប់ តាមបណ្តោយ ផ្លូវទំនប់កប់ស្រូវ គោលបំណង លើកកំពស់សោភណ្ឌភាព កាត់បន្ថយគ្រោះថ្នាក់ចរាចរ និងបទល្មើសផ្សេងៗ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

រាជធានីភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានអះអាងថា ផ្លូវទំនប់កប់ស្រូវ ឬមហាវិថីឈ្នះឈ្នះ ចាប់ផ្តើមមានភ្លើងបំភ្លឺនៅពេលយប់ជាបណ្តើរៗហើយ ហើយក្រុមការងារបាន និងកំពុងខិតខំតម្លើងបង្គោលនិងអំពូលភ្លើងឲ្យបានចំនួន២៨៥ដើម និងឲ្យរួចរាល់ទាំងស្រុងនៅដើមខែវិច្ឆិកាឆាប់ៗនេះ ។

លោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា ដោយសារកំណើននៃការធ្វើចរាចររបស់ប្រជាពលរដ្ឋ កាន់តែច្រើនឡើង និងក្នុងគោលបំណង លើកកំពស់សោភណ្ឌភាព កាត់បន្ថយបានគ្រោះថ្នាក់ចរាចរ និងបទល្មើសផ្សេងៗផងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចដាក់បង្គោលភ្លើងបំភ្លឺសាធារណៈ តាមបណ្តោយមហាវិថីឈ្នះឈ្នះ ឬផ្លូវកប់ស្រូវ ចាប់ពីផ្លូវរទេះភ្លើងបាត់តំបងទៅដល់ផ្លូវភ្នំពេញ ហាណូយ ប្រមាណជិត៣០០បង្គោល ដើម្បី បង្កលក្ខណៈ ងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។

លោកសាំ ពិសិដ្ឋ បានឲ្យដឹងទៀតថា រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងដាក់បង្គោលភ្លើងបំភ្លឺនៅពេលយប់ តាមបណ្តោយ មហាវិថីឈ្នះឈ្នះ ឬផ្លូវកប់ស្រូវ ក្នុងប្រវែង១២,៦គីឡូម៉ែត្រ ចាប់ពីផ្លូវរទេះភ្លើងបាត់តំបង ដល់ផ្លូវភ្នំពេញហាណូយ ដែលត្រូវដាក់បង្គោល និងអំពូលភ្លើងចំនួន២៨៥ដើម ។ លោក បញ្ជាក់ថា គម្រោងនេះបានចាប់ផ្តើមដាក់តាំងពីដើមខែកញ្ញា ឆ្នាំ២០១៨មកដល់ពេលនេះ បាននឹងកំពុងដាក់អោយដំណើរបំភ្លឺជូនប្រជាពលរដ្ឋ បានចំនួន៥២បង្គោលជាបណ្តើរៗសិន និងគ្រោងបញ្ចប់ទាំងស្រុងនៅដើមខែវិច្ឆិកានេះ ៕