អ៊ីរ៉ង់ថា រុស្ស៊ី និង អារ៉ាប៊ីសាអូឌីត បានចាប់ធ្វើជាចំណាប់ខ្មាំងទីផ្សារប្រេង

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨​ — មន្ត្រីថាមពលជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បាននិយាយពីថ្ងៃសៅរ៍ថា ប្រទេសអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី បានចាប់ « ធ្វើជាចំណាប់ខ្មាំង » ទីផ្សារប្រេងនៅពេលដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ស្វះស្វែងដាក់ទណ្ឌកម្មថ្មីលើការលក់ប្រេងអ៊ីរ៉ង់នោះ ។

ទីភ្នាក់ងារព័ត៌មាន Tasnim បានដកស្រង់សំដីលោក ហូសេន កាជេមពួ អារដេប៊ីលី ( Hossein Kazempour Ardebili ) អភិបាលអង្គការបណ្តាប្រទេសនាំប្រេងចេញរបស់អ៊ីរ៉ង់ដែលនិយាយថា ប្រទេស រុស្ស៊ី និង អារ៉ាប៊ីសាអូឌីត បានប្រកាសថា ពួកគេនឹងស្វះស្វែងរកធ្វើឱ្យមានតុល្យភាពទីផ្សារប្រេងជា សកល ប៉ុន្តែពួកគេកំពុងព្យាយាមដណ្តើមយកផ្នែកមួយនៃចំណែករបស់អ៊ីរ៉ង់ ។

លោក កាជេមពួ អារដេប៊ីលី បាននិយាយថា កិច្ចប្រឹងប្រែងរបស់លោក ត្រាំ ដើម្បីកាត់ការចូលទៅកាន់ទីផ្សារ ប្រេងឆៅជាសកល របស់អ៊ីរ៉ង់ បានបណ្តាលឱ្យរុស្ស៊ីនិង អារ៉ាប៊ីសាអូឌីត ចាប់ធ្វើជាចំណាប់ខ្មាំងទីផ្សារប្រេងនេះ ។
តាម Tasnim ឱ្យដឹងថា កាលពីថ្ងៃសៅរ៍ លោកបានចោទប្រកាន់ក្រុងមូស្គូ និងក្រុងរីយ៉ាដ ពីបទ ស្វាគមន៍ការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ដើម្បីផលចំណេញដោយផ្ទាល់ខ្លួនរបស់ពួកគេ នឹងបានព្រមានថា សកម្មភាពបែបនេះ នឹងធ្វើឱ្យខូចដល់កិត្តិស័ព្ទរបស់ OPEC​ ។

លោក អារដេប៊ីលី ក៏បាននិយាយផងដែរថា ប្រទេសអារ៉ាប៊ីសាអូឌីត និង UAE កំពុងតែបង្វិល OPEC ឱ្យទៅជាឧបករណ៍មួយរបស់អាមេរិក ។​ ទណ្ឌកម្មអាមេរិកលើអ៊ីរ៉ង់បានធ្វើឡើងកាលពីថ្ងៃទី៦ ខែសីហា ជាទង្វើមួយបន្ទាប់ពីអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីថ្ងៃទី៨ ខែឧសភា ។ ទណ្ឌកម្មនេះនឹងរួមមានការផ្តោតទៅលើផ្នែករថយន្តរបស់អ៊ីរ៉ង់, ពាណិជ្ជកម្មមាស ព្រមទាំងលោកហធាតុសំខាន់ៗ ដទៃទៀត ។

ទណ្ឌកម្មដែលនៅសល់នឹងធ្វើនៅថ្ងៃទី៤ ខែវិច្ឆិកា ។ ទណ្ឌកម្មទាំងនេះនឹងរួមមានការផ្តោតទៅលើផ្នែកថាមពលរបស់អ៊ីរ៉ង់ ព្រមទាំងកិច្ចការជំនួញទាក់ទងនិងប្រេង ​ព្រមទាំងកិច្ចការជំនួញជាមួយធនាគារ កណ្តាលរបស់អ៊ីរ៉ង់ ។
ការដកខ្លួនរបស់ក្រុងវ៉ាស៊ីងតោនពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់យ៉ាងសំខាន់នេះ ត្រូវបានគេរិះគន់នៅទូទាំងពិភពលោក ។ សម្ព័ន្ធមិត្តអឺរ៉ុបយ៉ាងសំខាន់ខ្លះរបស់ខ្លួន បាននឹងកំពុងធ្វើការងារដើម្បីការពារកិច្ចព្រមព្រៀងឆ្នាំ ២០១៥ នេះ កុំឱ្យដួលរលំ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )