ស្លាប់១៥នាក់ដោយព្យុះ Florence លើឆ្នេរសមុទ្រខាងកើតរបស់អាមេរិក

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ — មនុស្សយ៉ាងហោចណាស់១៥នាក់បានស្លាប់នៅ North Carolina និង South Carolinaក្នុង ស.រ.អា ជាលទ្ធផលនៃព្យុះ Hurricane Florence ដែលបានថយចុះទៅជាព្យុះត្រូពិចមួយនោះ ។

ព្យុះ Florence ដែលចុះខ្សោយនេះនៅតែកំពុងវាយប្រហារតំបន់នេះនៅឡើយ ជាមួយភ្លៀងយ៉ាង ខ្លាំងកាលពីថ្ងៃអាទិត្យ ដែលបង្កឱ្យមានទឹកជំនន់ដ៏មហន្តរាយ ព្រមទាំងធ្វើឱ្យលំនៅដ្ឋានជាង១លានខ្នង គ្មានថាមពល ។

មនុស្សជាង ៩០០ នាក់ត្រូវបានជួបសង្គ្រោះចេញពីទឹកជំនន់ ដែលកំពុងកើនឡើងដោយពួកអាជ្ញា ធរក្នុងស្រុក, ពួកអ្នកស្ម័គ្រចិត្តនិងឆ្មាំឆ្នេរសមុទ្រអាមេរិកចាប់តាំងពីព្រឹកថ្ងៃសុក្រមក ។

តាមមជ្ឈមណ្ឌលព្យុះ Hurricane ជាតិឱ្យដឹងថា ព្យុះដែលកើនឡើងដល់១៣ហ្វីត(៣,៩ម៉ែត្រ) នឹង មានការគំរាមកំហែងដល់អាយុជីវិត ហើយទឹកភ្លៀងដែលធ្លាក់មានកម្ពស់ដល់ទៅ៤០អ៊ីញ (១០១,៦សង់ទីម៉ែត្រ ) នឹងមានន័យថា ជាទឹកជំនន់ដ៏មហន្តរាយ ។

តាមភ្នាក់ងារអាកាសធាតុជាតិអាមេរិកឱ្យដឹងថា មានពួកអ្នកស្រុក៥,២៥លាននាក់ នៅក្នុងតំបន់ ក្រោមការព្រមានឬឱ្យប្រុងប្រយ័ត្នពីព្យុះ Hurricane ហើយមនុស្ស៤,៩លានកាន់នៅក្នុងកន្លែងនានា ក្រោម ការព្រមានឬឱ្យប្រុងប្រយ័ត្នពីព្យុះត្រូពិក ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )