កម្មករយករ៉ែ ៣០នាក់ស្លាប់ដោយការបាក់ដីក្នុងប្រទេសហ្វីលីពីនភាគខាងជើង

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ — មន្ត្រីយោធាថ្នាក់ខ្ពស់ម្នាក់បាននិយាយពីថ្ងៃអាទិត្យនេះថា កម្មករយករ៉ែយ៉ាងហោចណាស់ ៣០នាក់បានស្លាប់ នឹង១៣នាក់ទៀតបាត់ខ្លួនក្នុងការបាក់ដីមួយនៅក្នុងប្រទេសហ្វីលីពីនភាគខាងជើង ។

ឧត្តមសេនិយឯក អេមម៉ានុយអែល សាឡាម៉ាត មេបញ្ជាការបញ្ជាការ លូហ្សុង ខាងជើង នៃកងកម្លាំងប្រដាប់អាវុធហ្វីលីពីន ( AFP ) បាននិយាយថា កម្មករយករ៉ែសរុបទាំងអស់ ៤៣នាក់ បានជាប់នៅពេលដែលព្យុះទីហ្វុងមង្ឃុត ( Mangkhut ) បានកម្ទេចប្រទេសហ្វីលីពីនកាលពីព្រឹកថ្ងៃសៅរ៍ ។ ពួកអ្នកជួយសង្គ្រោះនៅតែកំពុងព្យាយាមរុករកពួកកម្មករយករ៉ែបាត់ខ្លួន ដែលបានជាប់នៅខាងក្នុងរូងក្រោមដីមួយនៅ Itogon ទីប្រជុំជនមួយនៅក្នុងខេត្ត Benguet ។

បន្ថែមទៅនឹងពួកកម្មករយករ៉ែ ដែលស្លាប់៣០នាក់នោះ ចំនួនអ្នកស្លាប់នៅក្នុងខណៈមានព្យុះទី ហ្វុងមង្ឃុតដ៏ខ្លាំងដែលបានវាយប្រហារកាត់តាមចុងភាគខាងជើងនៃកោះលូហ្សុង របស់ប្រទេសហ្វីលីពីន ឥឡូវនេះបានឡើងដល់ ៥៩នាក់ហើយ ។

ទីភ្នាក់ងារគ្រោះមហន្តយរដ្ឋាភិបាលមួយរាយការណ៍ថា ព្យុះទីហ្វុង នេះ បានបង្កឱ្យមានការបាក់ដីសរុបទាំងអស់ ៨១ លើក និងឧប្បត្តិហេតុទឹកជំនន់ ១៣ លើក នៅក្នុងតំបន់រដ្ឋបាល Cordillera ( CAR ) តែមួយ ។
ព្យុះទីហ្វុងមង្ឃុត ដែលក្នុងស្រុកគេហៅថា Ompong នោះ គឺជាព្យុះទីហ្វុង ទី ១៥ នឹងជាព្យុះដ៏ខ្លាំង បំផុតដែលបានបំផ្លិចបំផ្លាញ ប្រទេសហ្វីលីពីនឆ្នាំនេះ ។

ព្យុះទីហ្វុងបានវាយប្រហារប្រទេសហ្វីលីពីនប្រហែល២០លើកក្នុងមួយឆ្នាំ ដែលនាំមកនូវខ្យល់យ៉ាងខ្លាំងនិងភ្លៀងយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យមានទឹកជំនន់ ធ្វើឱ្យខូចខាតយ៉ាងច្រើនដល់ផលដំណាំ , លំនៅ ដ្ឋាន និងអាគារ ព្រមទាំងស្លាប់មនុស្ស ។ នៅក្នុងឆ្នាំ ២០១៣ ព្យុះទីហ្វុងកំពូល Haiya បានបំផ្លិចបំផ្លាញខេត្ត Leyte ក្នុងប្រទេសហ្វីលីពីន ភាគកណ្តាលដែលសម្លាប់មនុស្សជាង ៦.០០០នាក់ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )