រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអះអាងថា កំណើនសេដ្ឋកិច្ចកម្ពុជាផ្អែកលើមូលដ្ឋានសំខាន់ចំនួន៤

AKP ភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាទេសាភិបាលរបស់កម្ពុជាប្រចាំធនាគារ អភិវឌ្ឍន៍អាស៊ី ADBបានអះអាងថា សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនខ្ពស់នេះ គឺផ្អែកលើមូលដ្ឋានសំខាន់ មួយចំនួន៤។ការអះអាងនេះ ខណៈក្រសួងសេដ្ឋកិច្ចនិងស្ថាប័នអន្តរជាតិមួយចំនួនសង្ឃឹមថា ឆ្នាំ២០១៨កំណើនសេដ្ឋកិច្ចស្ថិតក្នុងរង្វង់អត្រា ៧,២ភាគរយ។

ក្នុងជំនួបសវនាការការងារជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោក ម៉ាបុប អាមេដ (Mr. Mahbub Ahmed), នាយកប្រតិបត្តិជំនួស ប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី (ADB Alternate Executive Director) ដែលបានមកបំពេញ ទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាទេសាភិបាលរបស់កម្ពុជាប្រចាំ ADB បានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនខ្ពស់នេះ គឺផ្អែកលើមូលដ្ឋានសំខាន់ មួយចំនួនគឺ៖

១.ការ ធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការបង្កើតបរិយាកាសអំណោចផលសម្រាប់ការអភិវឌ្ឍ។

២. គោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍ច្បាស់លាស់ប្រកបដោយសង្គតិភាព និងការដាក់ចេញនូវវិធានការ កែទម្រង់ មុតស្រួច ព្រមទាំងការពង្រឹងនិងលើកម្ពស់សមត្ថភាពស្ថាប័នសាធារណៈ។

៣.ការអភិវឌ្ឍប្រកបដោយចីរភាព ដែលផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងការគាំពារសង្គម និង

៤. ការធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការពង្រឹងហេដ្ឋា រចនាសម្ព័ន្ធរូបវន្តទាំងទីក្រុង និងជនបទ។

លោក ម៉ាបុប អាមេដ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងអបអរសាទរចំពោះជោគជ័យដ៏ធំធេងរបស់កម្ពុជាក្នុងការបន្តរក្សា និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព រក្សាបាននូវសមធម៌ សង្គមល្អប្រសើរ និងកាត់បន្ថយភាពក្រីក្រ គឺរាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយត្រឹមត្រូវ ច្បាស់លាស់ ក្នុងការអភិវឌ្ឍប្រទេសជាតិ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា កម្ពុជាសម្រេចបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ចខ្ពស់ ជាមធ្យមក្នុងកម្រិត ៧,៧ភាគរយក្នុងមួយឆ្នាំ ហើយសេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថានៅបន្ត កំណើនរឹងមាំក្នុង រង្វង់អត្រា ៧,២ភាគរយ ក្នុងឆ្នាំ២០១៨ ដែលធ្វើឱ្យផលិតផលសរុបក្នុងស្រុក សម្រាប់ប្រជាជនម្នាក់ៗបានកើនឡើងជាង ៧ ដងគឺពីប្រមាណជាង ២០០ ដុល្លារអាម៉េរិក នៅឆ្នាំ ១៩៩២ ដល់ជិតប្រមាណ ១ ៥០០ ដុល្លារអាម៉េរិក នៅឆ្នាំ ២០១៨ ចំណែកឯអត្រាភាព ក្រីក្របានធ្លាក់ចុះពីប្រមាណ ៥០ភាគរយក្នុងឆ្នាំ ១៩៩២ មក ត្រឹមរង្វង់ ១៣,៥ភាគរយ ក្នុងឆ្នាំ ២០១៤ ទោះបីត្រូវជួបប្រទះនូវបញ្ហាប្រឈម និងហានិភ័យពីខាងក្រៅមួយចំនួនក៏ដោយ៕

ដោយ គង់ សិរីរ័ត្ន