វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ២០១៨: ដំណោះស្រាយ សម្រាប់ការប្រឈមនៅពេលអនាគតអំពីការងារនៅអាស៊ាន

AKP ភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ — អ្នកចូលរួមក្នុងកិច្ចប្រជុំមួយនៃវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ( WEF ASEAN ) បានរំពឹងទុកថា នឹងមានការផ្លាស់ប្តូរដ៏ធំធេងនៅក្នុងពេលអនាគតអំពីការងារនៅអាស៊ាន ដោយសារមានឱកាសអភិវឌ្ឍន៍ជាច្រើនស្ថិតនៅក្នុងក្របខ័ណ្ឌនៃបណ្តាប្រទេសក្នុងតំបន់។


ថ្លែងនៅក្នុងកិច្ចពិភាក្សាស្តីពីអនាគតការងារនៅអាស៊ានកាលពីនៅថ្ងៃទី ១៣ ខែកញ្ញា លោក Haoliang Xu ប្រធានកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបាននិយាយថា អាស៊ានជាតំបន់មួយដែលមានប្រជាជនច្រើនជាមួយនឹងអត្រាប្រជាជនវ័យក្មេងខ្ពស់ ដូច្នេះបណ្តាប្រទេសជាសមាជិកគួរខិតខំធ្វើឱ្យពលរដ្ឋរបស់ខ្លួនមានភាពប្រសើរឡើងជាមួយនឹងជំនាញ និងចំណេះដឹង ដើម្បីសម្របខ្លួនទៅនឹងការងារនាពេលអនាគត។

លោកបានអះអាងថា បណ្តារដ្ឋាភិបាល និងសហគ្រាស គួរតែសម្របខ្លួនទៅតាមតម្រូវការថ្មីៗក្នុងការគ្រប់គ្រងអ្នកធ្វើការដែលមានអាយុចូលនិវត្តន៍ និងធានាបាននូវសុវត្ថិភាពសង្គមដើម្បីការពារកុំឱ្យមានការរាំងស្ទះដល់អ្នកធ្វើការ។

លោកបាននិយាយបន្ថែមថា អ្នកធ្វើការខ្លួនឯងក៏គួរតែផ្លាស់ប្តូរផ្នត់គំនិតអំពីឱកាសការងារក្រៅពីការបន្តការសិក្សាពេញមួយជីវិត និងបង្កើនជំនាញរបស់ពួកខ្លួន ដោយលោកបានលើកឡើងថា ប្រទេសនីមួយៗគួរតែបង្កើតគោលនយោបាយដើម្បីគាំទ្រដល់សហគ្រាសក្នុងការបង្កើនសក្ដានុភាពដល់ការបង្កើតឱកាសការងារ ដែលបង្កើតឱ្យមានចក្ខុវិស័យរួមគ្នានៃកិច្ចសហប្រតិបត្តិការសម្រាប់អនាគតរបស់អាស៊ាន។

ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam បាននិយាយថា ប្រជាជនវៀតណាម ជាពិសេសយុវវ័យ មានសុទិដ្ឋិនិយមអំពីអនាគតនៃបដិវត្តន៍ឧស្សាហកម្មទីបួន (4IR) ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)