រយៈពេល៣ឆ្នំាទៀតមន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ​ នឹង​ក្លាយ​ទៅ​ជា​មន្ទីរ​ពេទ្យទំនើបមួយនៅ​កម្ពុជា​

AKP សៀមរាប ថ្ងៃទី១៣ ខែកញ្ញា ឆ្នំា២០១៨ — ប្រធាន​មន្ទីរ​ពេទ្យ​បង្អែកខេត្តសៀមរាប​បានបង្ហាញថា បន្ទាប់ពី​អគារធំៗចំនួន២ដែល ជាជំនួយរបស់ប្រទេសជប៉ុន និង​កូរ៉េ បានសាងសង់រួច មន្ទីរពេទ្យ​បង្អែកខេត្តមួយនេះ​ នឹងក្លាយទៅជា​មន្ទីរពេទ្យ​ទំនើបមួយនៅកម្ពុជា។

លោក ប៉ែន ផលគុណ ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាបបាន​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នំា២០១៨នេះថា អគារធំៗចំនួន២រួម​ជាមួយសម្ភារបរិក្ខារពេទ្យទំនើប និងត្រូវ​សាងសង់​ និងបំពាក់ឡើងនៅឆ្នំាក្រោយនេះ​។ អគារទំាំងពីរនេះ​ អគារទី​១ជា​ជំនួយរបស់​ប្រទេសជប៉ុន​រួម​មាន​ការសាង​សង់​អគារ និង​បំពាក់​បរិក្ខារពេទ្យទំនើបផ្នែក​វះកាត់របួសគ្រាំគ្រៀ​ ហើយជំនួយនេះ​រាជ​រដ្ឋាភិបាល​នៃ​ប្រទេសទាំង​ពីរបាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយគ្នារួច​រាល់​ហើយ បច្ចុប្បន្នមន្រ្តី​ជំនាញ​ជប៉ុនកំពុងធ្វើ​ការ​សិក្សា​សម្រាប់​សាងសង់អគារ ចំពោះ​អគារ​មួយទៀតជាជំនួយរបស់​ប្រទេសកូរ៉េ ជាអគារសម្រាប់សង្គ្រោះបន្ទាន់ និងសម្រាក​ព្យាបាល​ជំងឺដែល​អាចឱ្យអ្នកជំងឺសម្រាកព្យាបាលបានចំនួនច្រើន​ជាងមុន។ ប៉ុន្តែសម្រាប់​អគារនេះ​ក្រុមមន្រ្តី​ជំនាញ​នៃប្រទេសទំាងពីរកំពុងចុះសិក្សា និង​ឈានទៅ​ចុះកិច្ចព្រម ព្រៀងជាផ្លូវការ។

លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​មាន​សម្ភារផ្នែកវះកាត់ទំនើបមានផ្នែក​លាង​ឈាមដែល​មន្ទីរពេទ្យបង្អែកខេត្តផ្សេងៗមួយ ចំនួនមិនទាន់មាន​។ ​សម្រាប់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប​នេះ​ មាន​អ្នកជំងឺជាច្រើន​បាន​មក​សម្រាក​ព្យាបាល​​ព្រោះអ្នកជំងឺទាំង​នោះ​មិន​មែន​នៅ​ខែត្ត​សៀមរាប​ទេ គឺមាន​មក​ពីបណ្តាខេត្តជុំវិញ​។

លោកបន្តថា នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាបបច្ចុប្បន្ននេះ មាន​អ្នកជំងឺមកសម្រាកព្យាបាលជំងឺចំនួន២០០០នាក់ អ្នកមកពិនិត្យពិគ្រោះជំងឺ ៦០០០នាក់ និងផ្នែកវះកាត់ចំនួន៥០០នាក់ក្នុង១ខែហើយចំនួនអ្នកមកសម្រាក​ព្យាបាល​ជំងឺទាំងនេះ​លើសចំនួនគ្រែដែលមន្ទីរ​ពេទ្យមានចំនួន៣០០គ្រែប៉ុណ្ណោះនាពេលបច្ចុប្បន្ននេះ។

លោក ប៉ែន ផលគុណ បាន​បញ្ជាក់ទៀតថា នៅក្នុង​រយៈពេល៣ឆ្នំាទៀតមន្ទីរពេទ្យ បង្អែក​ខេត្តសៀមរាប​ និង​ក្លាយ​ទៅ​ជា​មន្ទីរ​ពេទ្យទំនើបមួយ​នៅ​កម្ពុជា​ទាំង​ផ្នែក​ការព្យាបាល​ជំងឺទូទៅ និង​ផ្នែកវះកាត់ ដោយសារតែមន្ទីរពេទ្យមួយនេះ​មាន​សម្ភារបរិក្ខារពេទ្យ ទំនើបៗជាពិសេសសម្ភារមកពីជប៉ុន។ ជាមួយគ្នានេះដែរ មន្ទីរពេទ្យបង្អែកខេត្ត និង​ពង្រឹងគុណភាពនៃការផ្តល់សេវា ក្រមសីលធម៌គ្រូពេទ្យ ជាពិសេសគឺការពង្រីកនៃការព្យាបាល​ជំងឺបេះដូងព្រោះថា បច្ចុប្បន្ននេះ​មាន​អ្នកជំងឺបេះដូងបានស្លាប់ច្រើនដោយសារតែការកង្វះជំនាញព្យាបាលឬត្រូវបញ្ជូនទៅព្យាបាលទៅភ្នំពេញដែល​ប្រើប្រាស់ពេលវេលាយូរក្នុងការទៅព្យាបាល ហើយការពង្រឹងគុណភាព នៃការផ្តល់សេវានេះដើម្បី​ធ្វើ​យ៉ាង​ណាឱ្យ​ប្រជាពលរដ្ឋមាន​ការ​ពេញ​ចិត្ត​ និង​ជឿទុកចិត្ត​មកលើការផ្តល់សេវាសុខភាពរបស់រដ្ឋ​ពីសំណាក់ប្រជាពលរដ្ឋ​៕

ដោយ ឃុត សៅ