លោក ពូទីន សរសើរការអភិវឌ្ឍន៍ចំណងទាក់ទងរុស្ស៊ី – ម៉ុងហ្គោលី

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ — ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ( Vladimir Putin ) បាននិយាយពីថ្ងៃពុធថា លោក មានការពេញចិត្តជាមួយការអភិវឌ្ឍន៍ដែលកើនឡើងនៃទំនាក់ទំនងជាមួយប្រទេសម៉ុហ្គោលី ។

តាមការផ្សាយព័ត៌មានមួយរបស់វិមានក្រឹមឡាំងឱ្យដឹងថា លោក ពូទីន បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងកិច្ចប្រជុំមួយជាមួយប្រធានាធិបតីម៉ុហ្គោលី លោក ខាល់ ត្មាអា បាតទុលហ្គា ( Khaltmaa Battulga ) ក្នុងទីក្រុងកំពុងផែ វ្ល៉ាឌីវ៉ូស្តុក នៅចុងបូព៌ា របស់ប្រទេសរុស្ស៊ី នៅខាងក្រៅវេទិកាសេដ្ឋកិច្ចខាងកើតលើកទី៤ ។

លោក ពូទីន បានកត់សម្គាល់នូវសន្ទស្សន៍ជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រុស្ស៊ី-ម៉ុហ្គោលី ជាមួយពាណិជ្ជកម្មទ្វភាគីដែលកើនឡើង ៤៦,៩ ភាគរយក្នុងឆ្នាំ ២០១៧ និង ២៧, ៦ ភាគរយក្នុងឆមាសទីមួយនៃឆ្នាំនេះ ។

លោក បាតទុលហ្គា បានប្រាប់លោក ពូទីន ថា យើងពេញចិត្តចំពោះការអភិវឌ្ឍន៍ភាពជាដៃគូយុទ្ធសាស្ត្ររបស់យើង ​ព្រមទាំងការធ្វើឱ្យប្រសើរឡើងនូវភាពជាដៃគូនេះជាមួយនឹងគំនិតយ៉ាងសំខាន់ថ្មី ដោយលោកនិយាយបន្ថែមថា ប្រទេសម៉ុហ្គោលីមានផែនការបង្កើតការយាល័យពាណិជ្ជកម្មមួយនៅ វ្ល៉ាឌីវ៉ូស្តុក៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )