លោក ពូទីន ស្នើចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពជាមួយជប៉ុនត្រឹមដំណាច់ឆ្នាំនេះ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ — ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានស្នើកាលពីថ្ងៃពុធ ឱ្យប្រទេសរុស្ស៊ី និងជប៉ុនចុះ ហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពមួយនៅត្រឹមដំណាច់ឆ្នាំនេះ ដោយគ្មានលក្ខខ័ណ្ឌជាមុនណាមួយ ។

លោក ពូទីន បានប្រាប់នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ( Shinzo Abe )នៅឯសម័យ ប្រជុំពេញអង្គមួយនៃវេទិកាសេដ្ឋកិច្ចខាងកើតលើកទី៤ នៅ វ្ល៉ាឌីវ៉ូស្តុក ថា សន្ធិសញ្ញាសន្តិភាពដែលបានចុះ ហត្ថលេខាមួយនឹងជាជំហរដែលកាន់តែប្រសើរសម្រាប់ប្រទេសទាំងពីរ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ របស់ខ្លួនពីទសវត្សជាច្រើនកន្លងទៅ ។

កាលពីព្រឹកថ្ងៃនោះនៅពេលថ្លែងទៅកាន់វេទិកានេះ លោក អាបេ បាននិយាយថា អវត្តមានសន្ធិ សញ្ញាសន្តិភាពមួយរវាងជប៉ុននិងរុស្ស៊ី គឺមិនប្រក្រតី ហើយលោកបានស្នើឱ្យមានការផ្លាស់ប្តូរមួយនៅក្នុង ស្ថានភាពដែលនៅដដែលនេះ ។

រុស្ស៊ី និងជប៉ុន បានទាមទារប្រជែងគ្នាក្រុមកោះប៉ាស៊ីហ្វិកមួយ ដែលគេហៅថា Kurils នៅភាគ ខាងត្បូងក្នុងប្រទេសរុស្ស៊ីនឹងទឹកដីភាគខាងជើងក្នុងប្រទេសជប៉ុន ។

ជម្លោះទឹកដីនេះបានរារាំងប្រទេសទាំងពីរ មិនឱ្យចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពក្រោយ សង្គ្រាមលើកទី២ ព្រមទាំងបានបង្អាក់ដល់ទំនាក់ទំនងការទូត និងពាណិជ្ជកម្មរបស់ពួកគេ ។

កាលពីក្នុងខែកញ្ញាឆ្នាំ ២០១៧ លោក ពូទីន និងលោក អាបេ បានព្រមព្រៀងគ្នាធ្វើសកម្មភាព សេដ្ឋកិច្ចរួមនៅលើកោះ ដែលមានជម្លោះ ព្រមទាំងយកមកធ្វើជាអាទិភាពគម្រោងនៅក្នុងសេវាវារីវប្បកម្ម, អគ្គិសនី , ផ្ទះកញ្ចក់, ការបញ្ចេញចោលកាកសំណង់ ព្រមទាំងទេសចរណ៍ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)