កូរ៉េទាំងពីរនឹងធ្វើកិច្ចចរចាយោធាកម្រិតការងារ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ — កូរ៉េទាំងពីរនឹងធ្វើកិច្ចចរចាយោធាកម្រិតការងារមួយនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាគ្នា​លម្អិត នៃកិច្ចព្រមព្រៀងដែលកាន់តែប្រសើរឡើងមួយ ដើម្បីធ្វើជាផ្នែកមួយនៃភាពជាបងប្អូន​ខាងយោធាដែលបានព្រៀមព្រៀងគ្នានៅឯកិច្ចប្រជុំកំពូលកាលពីខែមេសារបស់ពួកគេ ក្នុងគោល​​បំណងកាត់បន្ថយភាពតានតឹងនៅតាមព្រំដែន និងកសាងទំនុកចិត្តគ្នាទៅវិញទៅមក។

កិច្ចប្រជុំនេះ នឹងចាប់ផ្តើមនៅម៉ោង១០:០០នាទីព្រឹក នៅអាគារមួយដែលគ្រប់គ្រង​ដោយ​កូរ៉េខាងជើង ក្នុងភូមិសន្តិភា ប៉ានមុនហ្សូម ជាតំបន់ដែលគ្មានកងទ័ព(DMZ) ដែលបែងចែក​កូរ៉េទាំងពីរ។ កាលពីពេលថ្មីៗនេះ ទីក្រុងព្យុងយ៉ាង​បានធ្វើសំណើមួយសម្រាប់កិច្ចចរចានេះ ដែលបន្ទាប់មកទីក្រុងសេអ៊ូលបានយល់ព្រម។ ឧត្តសេនីយ៍យោធា Cho Yong-geun នឹងដឹកនាំគណៈប្រតិភូដែលមានសមាជិក​ចំនួន​បីនាក់របស់ កូរ៉េខាងត្បូង ខណៈដែលភាគីរបស់កូរ៉េខាងជើង នឹងត្រូវដឹកនាំដោយ​ ឧត្តមសេនីយ៍ Om Chang-nam។

លោក Cho បានប្រាប់ទីភ្នាក់ងារសារព័ត៌មានយន់ហាប់​តាមរយៈទូរស័ព្ទថា យើងនឹង​មាន​កិច្ចពិភាក្សានានា ​ដែលជាប់ទាក់ទៅនឹងកិច្ចព្រមព្រៀង ​ចំពោះផ្នែកមួយខាងយោធា ​(ការយល់ព្រមកិច្ច​ប្រជុំកំពូល)។ ភាគីទាំងគ្រោងនឹងធ្វើកិច្ចពិភាក្សាគ្នាជាបន្តបន្ទាប់នូវបញ្ហានានា មានដូចជា៖ ការដក​ប៉ុស្តិ៍​ឆ្មាំព្រំដែននៅ DMZ ដោយឈរមូលដ្ឋានច្បាប់មួយ ការអនុវត្តគម្រោងរួមគ្នាមួយ​ដើម្បីរ៉ុករក​អដ្ឋិធាតុសម័យសង្គ្រាម កូរ៉េ​នៅក្នុងតំបន់ដែលបានប៉ះទង្គិចគ្នានេះ និងការដកហូតតំបន់​សន្តិសុខ​រួមគ្នានៅក្នុង ភូមិប៉ានមុនហ្សូម ។

លទ្ធផលនៃកិច្ចចរចា គឺទំនងជានឹងត្រូវបានរួមបញ្ចូលនៅក្នុងកិច្ចព្រមព្រៀងយោធា​ដែលបានរកឃើញ ដែលត្រូវបានគេគ្រោងនឹងត្រូវសម្រេចជាផ្លូវការ ដោយប្រធានាធិបតី​លោក មូន ចា-អ៊ិន​ និងសម ភាគីកូរ៉េខាងជើងរបស់លោក​ លោក គីម ជុង-អ៊ុន ​ក្នុងអំឡុង​​កិច្ចប្រជុំកំពូលលើកទីបី របស់លោក​ ដែលបានគ្រោងធ្វើឡើងនៅទីក្រុងព្យុងយ៉ាង ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី២០ខែកញ្ញា ខាងមុខនេះ៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )