ចិនរួមដៃគ្នាជាមួយ WEF ដើម្បីការពារ ការធ្វើសកលភាវូបនីយកម្មនិងលទ្ធិពហុភាគីនិយម

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ — ឧបនាយករដ្ឋមន្ត្រីចិនលោក ហ៊ូ ជុនហួ ( Hu Chunhua ) កាលពីថ្ងៃពុធនេះបានសំដែងការប្រឆាំងជំទាស់របស់ចិនចំពោះលទ្ធិការពារទំនិញក្នុងស្រុក ព្រមទាំងបានប្តេជ្ញារួមដៃគ្នាជាមួយវេទិកាសេដ្ឋកិច្ចពិភពលោក (​WEF ) ដើម្បីការពារ ការធ្វើសកលភាវូបនីយកម្ម​ ព្រមទាំងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ។

នៅពេលជួបប្រជុំជាមួយស្ថាបនិក នឹងជាប្រធានប្រតិបត្តិ WEFលោក ក្លូសស្វាប( Klaus Schwab ) នៅខាងក្រៅវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាននោះ លោក ហ៊ូ បាននិយាយថា ជាមួយការលេចឡើងជាថ្មីនៃលទ្ធិឯកតោភាគីនិយម និងលទ្ធិការពារទំនិញក្នុងស្រុកនិយមនោះ ទិដ្ឋភាពសេដ្ឋកិច្ចពិភពលោកនៅតែ​ស្មុគស្មាញ ដែលទោះបីជាមានការ​រើបឡើងវិញនៃសេដ្ឋកិច្ចជាសកលទាំងស្រុងក៏ដោយ ។

លោកបាននិយាយថា ចិនមានឆន្ទៈរួមដៃគ្នាជាមួយ WEF ក្នុងការប្រឆាំងយ៉ាងដាច់ខាតលទ្ធិការពារទំនិញក្នុងស្រុកហើយនឹងការពារការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច ព្រមទាំងប្រព័ន្ធពាណិជ្ជកម្ម ពហុភាគី ។
លោក ហ៊ូ បាននិយាយបន្ថែមថា ប្រទេសចិន ក៏បានត្រៀមខ្លួនផងដែរដើម្បីធ្វើការរួមគ្នាជាមួយ ភាគីទាំងអស់ដែលរួមមានទាំង WEF ផងក្នុងការជំរុញការផ្តួចផ្តើមគំនិតខ្សែក្រវ៉ាត់ និងផ្លូវ , ធ្វើបដិវត្តន៍ ឧស្សាហកម្មថ្មី ដែលមានផលប្រយោជន៍ដល់ប្រទេសនិងប្រជាជនទាំងអស់​ព្រមទាំងធ្វើឱ្យប្រសើរអភិបាលកិច្ចជាសកល ដើម្បីសម្រេចឱ្យបាននូវវិបុលភាពនិងការអភិវឌ្ឍន៍រួម ។

សម្រាប់លោកវិញ លោក ស្វាប បាននិយាយថា WEF គាំទ្រការជំរុញការធ្វើសកលភាវូបនីយកម្ម ព្រមទាំងលទ្ធិពហុភាគីនិយម ហើយប្រឆាំងនឹងលទ្ធិការពារទំនិញក្នុងស្រុកនិយម និងលទ្ធិឯកតោភាគីនិយម ។

លោក ស្វាប បាននិយាយបន្ថែមថា WEF មានឆន្ទៈបន្តការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ក្នុងការជំរុញការផ្តួចផ្តើមគំនិតខ្សែក្រវ៉ាត់ និងផ្លូវ ព្រមទាំងការអភិវឌ្ឍន៍ ដែលជំរុញដោយការបញ្ចូលនូវបរបៀបថ្មី ដើម្បីរួមចំណែករួមគ្នាដល់ការរើបឡើងវិញសេដ្ឋកិច្ចពិភពលោក ដែលមាននិរន្តរភាព, មានតុល្យភាព ។

លោក ហ៊ូ បានស្ថិតនៅក្រុងហាណូយ ដើម្បីចូលរួម WEF ស្តីពីអាស៊ាន ២០១៨ ចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញានេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )