វេទិកាសភាពិភពលោកលើកទី២ ស្តីពីការអភិវឌ្ឍន៍មាននិរន្តរភាពបើកធ្វើនៅឥណ្ឌូណេស៊ី

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ — ការអភិវឌ្ឍន៍ដែលមាននិរន្តរភាព, ការប្រើប្រាស់ថាមពលដែលមានការទទួលខុសត្រូវ, តួនាទី របស់ស្ត្រី ព្រមទាំងថាមពលដែលមាននិរន្តរភាពក្នុងចំណោមប្រធានបទដទៃទៀត ត្រូវបានផ្តោតការយក ចិត្តទុកដាក់របស់វេទិកាសភាពិភពលោកលើកទី២ ស្តីពីការអភិវឌ្ឍន៍ដែលមាននិរន្តរភាពដែលបានចាប់ ផ្តើមកាលពីថ្ងៃពុធនេះ នៅលើកោះលំហែកាយបាលី របស់ប្រទេសឥណ្ឌូណេស៊ី ។


សេចក្តីថ្លែងការណ៍ពីសភាតំណាងឥណ្ឌូណេស៊ី​បាននិយាយថា សមាជិកសភាមកពីប្រទេសជាង ៤០ព្រមទាំងពួកអ្នកតំណាងនៃអង្គការអន្តរជាតិ បានចូលរួមនៅក្នុងកិច្ចប្រជុំរយៈពេល២ថ្ងៃនេះ ។

ប្រធានគណៈកម្មាធិការកិច្ចសហប្រតិបត្តិការអន្តរសភាឥណ្ឌូណេស៊ី លោក នួរ ហាយ៉ាទី(Nour Hayati ) បាននិយាយថា ប្រធានបទមួយនៃប្រធានបទនានានោះ គឺថាមពលដែលមាននិរន្តរភាពសម្រាប់ទាំងអស់គ្នា ។ ដូចដែលយើងបានដឹងសម្រាប់ពេលឥឡូវនេះការប្រើប្រាស់ប្រេងហ្វូស៊ីល( Fossil ) កំពុងធ្វើឱ្យមានកង្វល់។ ហេតុដូច្នេះហើយសភានឹងលើកនូវប្រធានបទនេះ ។

លោក ហាយ៉ាទី បានកត់សម្គាល់ថា ការប្រើប្រាស់ប្រេងហ្វូស៊ីល បានគ្របដណ្តប់ក្នុងប៉ុន្មាន ទសវត្សកន្លងទៅនេះ ហើយគេគួរតែបញ្ចប់តាមរយៈការប្តូរទៅប្រើថាមពលដែលមាននិរន្តរភាព។

លោក ហាយ៉ាទី បាននិយាយថា កិច្ចប្រជុំនេះនឹងបង្កើនការយល់ដឹងរបស់ប្រជាជនស្តីពីគោលដៅ អភិវឌ្ឍន៍ ដែលមាននិរន្តរភាពនេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)