ប្រធានាធិបតីវៀតណាមស្វែងរកការបង្កើន កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយជប៉ុន

AKP ភ្នំពេញ ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៨ — កាលពីថ្ងៃទី ១២ ខែកញ្ញា ប្រធានាធិបតីវៀតណាម លោក Tran Dai Quang បានទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុន លោក Taro Kono ដែលបានទៅប្រទេសវៀតណាមដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន (WEF ASEAN) ឆ្នាំ ២០១៨ នឹងធ្វើជាសហប្រធានសម័យប្រជុំលើកទី ១០ នៃគណៈកម្មាធិការសហប្រតិបត្តិការវៀតណាម – ជប៉ុន។

ប្រធានាធិបតីវៀតណាមបានឆ្លៀតឱកាសនេះ ដើម្បីបង្ហាញនូវការអាណិតអាសូរចំពោះប្រជាជន ជប៉ុនអំពីការខាតបង់ដ៏ធំដែលបណ្តាលមកពីការរញ្ជួយដីដ៏សាហាវនៅខេត្តហុកកៃដូភាគខាងជើង។

ប្រធានាធិបតីវៀតណាមបានវាយតម្លៃខ្ពស់ចំពោះការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងជប៉ុន ក្នុងគ្រប់វិស័យ ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ កសិកម្ម ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរវប្បធម៌ និងប្រជាជន ក៏ដូចជាប្រទេសទាំងពីរបានប្រារព្ធខួបលើកទី ៤៥ នៃទំនាក់ទំនងការទូតផងដែរ។

លោកបានអះអាងថា ការជឿទុកចិត្តផ្នែកនយោបាយរវាងប្រទេសទាំងពីរ ត្រូវបានពង្រឹងតាមរយៈទស្សនកិច្ច និងកិច្ចប្រជុំនានាដោយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ពួកគេ ជាពិសេសទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមរបស់ព្រះចៅអធិរាជជប៉ុនកាលពីឆ្នាំ ២០១៧ និងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី វៀតណាមទៅកាន់ប្រទេសជប៉ុនកាលពីខែឧសភា។

ប្រធានាធិបតីវៀតណាម លោក Quang បានស្នើដល់គណៈប្រតិភូជប៉ុនឱ្យខិតខំប្រឹងប្រែងបង្កើនទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងជប៉ុន ព្រមទាំងលើកកម្ពស់កិច្ចសហ-ប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

លោកបានសំដែងក្តីសង្ឃឹមថា ជប៉ុននឹងបន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) សម្រាប់អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស និងការបន្សាំទៅនឹងបម្រែបម្រួលអាកាសធាតុ។

សម្រាប់ភាគីជប៉ុន លោក Kono បានសម្តែងភាពសប្បាយរីករាយចំពោះកិច្ចអភិវឌ្ឍន៍ដ៏រឹងមាំនៃភាពជាដៃគូរវាងវៀតណាម និងជប៉ុន ក្នុងគ្រប់វិស័យ ជាពិសេសបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេស វៀតណាមរបស់អធិរាជជប៉ុនកាលពីឆ្នាំ ២០១៧ និងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីវៀតណាមទៅកាន់ប្រទេសជប៉ុនកាលពីខែឧសភា៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)