រមណីយដ្ឋានទឹកធ្លាក់៧ជាន់ជ្រាវក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺបានស្វាគមន៍ភ្ញៀវទេសចរកាន់តែច្រើនឡើង

AKP កំពង់ស្ពឺ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ –ស្ថិតនៅចម្ងាយប្រមាណ៦០គីឡូម៉ែត្រពីក្រុងច្បារមន ទីរួមខេត្តកំពង់ស្ពឺ ទឹកធ្លាក់ជ្រាវជារមណីដ្ឋានបែបធម្មជាតិ ដែលមានទឹកធ្លាក់រហូតដល់៧ជាន់ ហើយមានជម្រាលច្រើនដំណាក់អំណោយផលដល់ការងូតទឹកកម្សាន្តលេង ពីសំណាក់ភ្ញៀវទេសចរជាតិ អន្តរជាតិ។ ទឹកធ្លាក់ជ្រាវស្ថិតនៅក្នុងភូមិតាំសំរោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជាទីកម្សាន្តគាប់ចិត្តរបស់ភ្ញៀវទេសចរដែលមិនប្រាថ្នាដើផ្សងព្រេង លើវិថីវែងឆ្ងាយគឺគ្រាន់តែចតយានជំនិះភ្លាមបោះជំហានប្រមាណជាមួយរយម៉ែត្រ លោកអ្នកនឹងទៅដល់ទឹកធ្លាក់ដំណាក់ទី១ ដែលមានជម្រាលទឹកហូរសម្រាប់ងូតលេងកម្សាន្ត។​

ដោយសារតែដំណាក់ទី២​នៅមិនឆ្ងាយពីដំណាក់ទី១ ភ្ញៀវទេសចរអាចងូតទឹក ហូបចុកចំណីអាហារថ្ងៃត្រង់ក្រោមម្លប់ដើមឈើ ឬក្បែរល្បាក់ទឹកធ្លាក់បានយ៉ាងសប្បាយរីករាយ។ ដំណាក់ទី២នេះមានជម្រាល៣គន្លាក់ ចម្ងាយប្រមាណ៣០ម៉ែត្រ ដែលអំណោយផលក្នុងការងូតនិងហែលលេងកម្សាន្ត ។ ប៉ុន្តែជាទម្លាប់ភ្ញៀវទេសចរក្នុងស្រុកភាគច្រើនចូលចិត្តនាំគ្នាងូតទឹកនិងហែលលេងនៅខ្សែទឹកខាងលើ ដោយមានជំនឿថា អ្នកលេងកម្សាន្តខ្សែទឹកខាងក្រោមអាចរងគ្រោះដោយសារសំណល់សំរាមផ្សេងៗ។ ចំណែកឯទឹកធ្លាក់ដំណាក់ទី៣ដល់ដំណាក់ទី៧ ស្ថិតនៅឆ្ងាយដែលភ្ញៀវទេសចរត្រូវចំណាយពេលដើរឡើងភ្នំ រាប់ម៉ោង ភ្ញៀវទេសចរភាគច្រើនមិនចង់បន្តដំណើរទៀតនោះទេ។ បើទោះបីជាអ្នកភូមិអះអាងថា នៅដំណាក់បន្ទាប់មានទឹកធ្លាក់កម្ពស់រហូតដល់ជាង៣០ម៉ែត្រ មានទេសភាពស្រស់ស្អាតយ៉ាងណាក៏ដោយ ក៏មានមនុស្សតិចតួចណាស់តស៊ូស្រឡាញ់បរិស្ថានស្ងប់ស្ងាត់ បន្តដំណើរដល់ដំណាក់ទី៧ជាទីស្ថានលាក់ខ្លួនក្នុងធម្មជាតិ។

លោក សុខ សុភា អភិបាលរងខេត្តកំពង់ស្ពឺបានប្រាប់ AKP ឱ្យដឹងនៅថ្ងៃពុធ ០៣កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិ ស័ក ព.ស ២៥៦២ ត្រូវនឹង​ថ្ងៃ​ទី១២​ ខែកញ្ញា ឆ្នាំ២០១៨ថា ទឹកធ្លាក់៧ជាន់ជ្រាវ ជាតំបន់ទេសចរណ៍បែបធម្មជាតិពិតៗ ​និងជាតំបន់បែបទាក់ទាញដែលខេត្តកំពុងអភិវឌ្ឍន៍ដើម្បីប្រែក្លាយតំបន់នេះឱ្យទៅជាតំបន់អេកូទេសចរណ៍នាថ្ងៃអនាគត។ លោកបានបន្តថា កិច្ចសហការគ្នា លើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុកមានប្រយោជន៍ច្រើន ដូចជា ជួយកាត់បន្ថយក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅលេងស្រុកគេ ដែលនាំឱ្យខាងបង់ថវិកា និងធ្វើ ឱ្យប្រជាពលរដ្ឋក្នុងតំបន់ក្នុងសហគមន៍អេកូទេសចរណ៍មានប្រាក់ចំណូលបង្កើនជីវភាពគ្រួសារបានប្រសើរ

ដោយ លឹម សាន្ត