ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងប្រទេសកម្ពុជាលើកទី១០ នៃភាពយន្តកុមារអន្តរជាតិអាស៊ី នឹងធ្វើនៅសប្តាហ៍ក្រោយ

AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨​​  — ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងប្រទេសកម្ពុជាលើកទី១០ នៃភាពយន្តកុមារ អន្តរជាតិអាស៊ី(AICFF) នឹងត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃចន្ទ ទី១៧ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង២:៣០នាទីរសៀលនៅសាលអង្គរគីហ្សូ ណានៃមជ្ឈមណ្ឌល សហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC)។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនបានឱ្យដឹងថា ការប្រកួតវគ្គផ្តាច់ ព្រ័ត្រក្នុងប្រទេសនេះ ត្រូវបានរៀបចំឡើងដោយស្ថានទូតជប៉ុនប្រចាំ ព្រះរាជាចក្រកម្ពុជារួមសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC)ក្នុងគោលបំណង ដើម្បីជ្រើសរើសរឿងខ្លីល្អដាច់គេចំនួន៣ ទៅប្រកួតបន្តនៅក្នុងមហោស្រពភាព យន្តកុមារអន្តរជាតិអាស៊ីក្នុងចំណោមសិស្សវិទ្យាល័យនៃប្រទេសជប៉ុន និងបណ្តាប្រទេសអាស៊ានទាំង១០ប្រទេស ព្រមទាំងប្រទេសទីម័រខាងកើត ចិន តៃវ៉ាន់ ម៉ុងហ្គោល និងកូរ៉េខាងត្បូង។

សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា ប្រធានបទរឿងខ្លីសម្រាប់ឆ្នាំនេះ «ទំនួលខុសត្រូវផ្ទាល់ខ្លួន»។ រឿងខ្លី៣នាទីចំនួន៣៥រឿង ផលិតឡើងដោយសិស្សមក ពី១៨វិទ្យាល័យបានដាក់ពាក្យចូលរួមប្រកួត ហើយរឿងខ្លី ចំនួន១២រឿង ត្រូវបានជ្រើសរើសដើម្បីបញ្ចាំងជូនក្នុងការប្រកួតតាមកាលបរិច្ឆេទខាងលើ។

សិស្សវិទ្យាល័យចំនួន៣ក្រុម មានចំនួនសមាជិកសរុបចំនួន៩រូប ដែលទទួលជ័យលាភីក្នុងការប្រកួតនឹងត្រូវបានអញ្ជើញទៅកាន់ប្រទេសជប៉ុនក្រោមកម្មវិធីJENESYS ២០១៨ដោយរដ្ឋាភិបាលជប៉ុន ដើម្បីចូលរួមវគ្គផ្តាច់ព្រ័ត្រមហោស្រព នៅទីក្រុងគីតាមិ ខេត្តហុកកៃដូ នៅថ្ងៃទី ២៤ ខែវិច្ឆិកា ខាងមុខ។

តាមរយៈមហោស្រពនេះ ការយល់ដឹងស៊ីជម្រៅព្រមទាំងមិត្តភាពរវាងយុវជន និងប្រជាជនក្នុងតំបន់អាស៊ីខាងកើតនឹងត្រូវបានជំរុញបន្ថែមទៀត៕

ដោយ គង់ សិរីរ័ត្ន