រាជរដ្ឋាភិបាលកម្ពុជា នឹងបំពេញបំណងប្រាថ្នារបស់ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាឱ្យបាន

AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលមូលនិធិគន្ធបុប្ផាកម្ពុជាបានបង្ហាញការប្តេជ្ញាចិត្តដើម្បីបំពេញបំណងប្រាថ្នាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា គឺលោកវេជ្ជបណ្ឌិត Beat Richnerដែលចង់ ឱ្យមន្ទីរពេទ្យនេះនៅតែផ្តល់សេវាព្យាបាលល្អដល់កុមារកម្ពុជា ទោះបីបាត់បង់រូបលោក។

ការធានាអះអាងនេះធ្វើឡើងក្នុងឱកាស ដែលឯកកត្តមឧបនាយករដ្ឋមន្ដ្រី ដឹកនាំគណៈប្រតិភូ ចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ស្ថាបនិកមន្ទីរពេទ្យកុមារគន្ធបុប្ផា កម្ពុជា គឺលោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ នៅមន្ទីរពេទ្យគន្ធបុប្ផា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រីបានសង្កត់ធ្ងន់ថា ក្នុងនាមឯកឧត្តមជាប្រធានមូល និធិគន្ធបុប្ផា ឯកឧត្តមប្ដេជ្ញាថា នឹងបន្ដធានារក្សានូវនិរន្ដរភាព ប្រតិបត្ដិការរបស់មន្ទីពេទ្យ គន្ធបុប្ផាឱ្យកាន់តែល្អប្រសើរ។

ដោយកន្លងមក ឯកឧត្តមធ្លាប់ធ្វើការជាមួយលោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ ច្រើនដងមកហើយ ដើម្បីពិភាក្សាគ្នាពីការរៀបចំមន្ទីរពេទ្យនេះឱ្យធានាបាននូវ និរន្ដរភាព នៃការងារ និងកិច្ចសហប្រតិបត្ដិការ ហើយធ្វើឱ្យមន្ទីរពេទ្យនេះ ឱ្យស្ថិតនៅក្រោម ការទទួលខុសត្រូវរបស់កម្ពុជា ដើម្បីប្រជាជន និងកុមារកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានបួងសួងសូមឱ្យវិញ្ញាណក្ខន្ធរបស់លោកវេជ្ជបណ្ឌិត Beat Richner ទៅកាន់សុគតិភព ព្រោះបំណងប្រាថ្នារបស់លោកវេជ្ជបណ្ឌិតអាចសម្រេចបាន តាមរយៈរាជរដ្ឋាភិបាល បានផ្ដល់ការយកចិត្ដទុកដាក់ខ្ពស់ ក្នុងការរៀបចំ និងកែសម្រួលការដឹកនាំ និងរកនូវហិរញ្ញប្បទាន ដើម្បីគាំទ្រដល់កិច្ចសហប្រតិបត្ដិការ របស់មន្ទីរពេទ្យគន្ធបុប្ផា តាមក្តីប្រាថ្នារបស់លោកវេជ្ជបណ្ឌិត។
សូមរម្លឹកថា ប៉ុន្មានខែកន្លងទៅនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាស្ថាបនិក និងជាប្រធានកិត្តិយស នៃមូលនិធិបានបើកសម្ពោធដាក់ដំណើរការមូលនិធិគន្ធបុប្ផាកម្ពុជាជាផ្លូវការ។ បើតាមសេចក្ដី ប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ មូលនិធិនេះ បានទទួលសមាជិកស្ថាបនិកចំនួន ១៣០រូប សមាជិកកិត្តិយសចំនួន ១០៧រូប សមាជិកគាំទ្រចំនួន ៤៦,៣៩៧រូប និងសប្បុរសជនផ្សេងៗចំនួន ៨៩០រូប ដោយទទួលបានថវិកា ពីការបរិច្ចាគប្រាប់រៀលចំនួន ៣,៥៣៧,៦៤៦,១៥០រៀល និងប្រាក់ដុល្លារ ៤,៩១៥,០៩៥ដុល្លារ។ ក្រៅពីនោះ រាជរដ្ឋាភិបាលក៏បានដកថវិកា នៃការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន២ដុល្លារ ក្នុងមួយសំបុត្រ បញ្ជូលទៅក្នុងមូលនិធិគន្ធបុប្ផាផងដែរ។

ដោយឡែក ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី៣០ សីហា ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការប្រើប្រាស់ សេវាកម្មទទួលវិភាគទានសប្បុរសធម៌ជូនមូលនិធិគន្ធបុប្ផាកម្ពុជា រវាងមូលនិធិគន្ធបុប្ផាកម្ពុជា និងធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលអនុស្សរណៈនៃការយោគយល់គ្នានេះគឺ ជាកិច្ចសហប្រតិបត្តិការ ដើម្បីផ្តល់ជូនសប្បុរសជន ដែលមានបំណងផ្តល់ការបរិច្ចាគជាសាច់ ប្រាក់ជូនមូលនិធិគន្ធបុប្ផាកម្ពុជានូវជម្រើសបន្ថែម ដែលមានលក្ខណៈកាន់តែងាយស្រួល តាម រយៈសេវាកម្មរបស់ធនាគារឯកទេសវីង នៅតាមគ្រប់ភ្នាក់ងារទាំងអស់នៅទូទាំងប្រទេស ដោយមិនគិតថ្លៃសេវា ហើយបន្ថែមពីលើនេះធនាគារឯកទេសវីងក៏នឹងបន្តសហការជាមួយ លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងសកម្មភាពផ្សព្វផ្សាយផ្សេងៗ ដើម្បីកៀរគរការបរិច្ចាគមូលនិធិបន្ថែមទៀតផងដែរ៕

ដោយ គង់ សិរីរ័ត្ន